ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងអប់រំលើកឡើងថា ការអភិវឌ្ឍគ្រូបង្រៀន គឺដើម្បីអភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅរកចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

ចែករំលែក៖

ភ្នំពេញ៖ ការអភិវឌ្ឍគ្រូបង្រៀន គឺដើម្បីអភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅរកចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ពីព្រោះវិស័យអប់រំគឺជាកត្តាគន្លឹះមួយក្នុងការអភិវឌ្ឍធនធានមនុស្ស និងរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច។ 

លោកបណ្ឌិតសភាចារ្យហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានមាន ប្រសាសន៍ថា ប្រធានបទទិវាគ្រូបង្រៀនឆ្នាំនេះ គឺដើម្បីបង្ហាញអំពី ទិសដៅគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការចូលរួមនិងកសាងមូលដ្ឋានគ្រឹះពាក់ព័ន្ធនឹងការអភិវឌ្ឍគ្រូបង្រៀន តាមរយៈកំណែទម្រង់សាលាគរុកោសល្យគ្រប់ជ្រុងជ្រោយ ស្របតាមខ្លឹមសារនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែល បាន កំណត់យកអាទិភាពគន្លឹះ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” សម្រាប់ឆ្លើយតប ទៅ នឹងបដិវត្តកម្មឧស្សាហកម្ម៤.០ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា និងតម្រូវការ ក្នុង ការ លើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះដ៏សំខាន់ក្នុងការសម្រចបានចក្ខុវិស័យ កម្ពុជាឆ្នាំ ២០៥០។

សំឡេងទី១៖ « ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ ការអភិវឌ្ឍមូលធនមនុស្សដែលមានសមត្ថភាព និងភាពឆ្លើយតបទៅនឹងតម្រូវការនៃមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា គឺជាភាពចាំបាច់ ដែល មិនអាច រំលងបាន និងទាមទារឱ្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវអនុវត្ត. គ្រូបង្រៀន  គឺជា ភ្នាក់ងារ ដ៏សំខាន់ ក្នុងការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស។ ការបង្កើន គុណភាព និងឧត្តមភាព របស់ គ្រូបង្រៀន គឺជាកត្តាគន្លឹះ ដោយក្រសួងនឹងបន្តកំណែទម្រង់សាលាគរុកោសល្យពោលគឺ ការប្រែ ក្លាយ សាលាគរុកោសល្យ ឱ្យក្លាយទៅជាមជ្ឈមណ្ឌលឧត្តមភាពក្នុងការបណ្តុះបណ្តាល និង វិក្រឹត ការ គ្រូបង្រៀនគ្រប់កម្រិត ការអភិវឌ្ឍគ្រូបង្រៀន ត្រូវការនូវគោលនយោបាយ អប់រំ គ្រូ បង្រៀន ដែលគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃតម្រូវការអប់រំជាតិ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការលើកកម្ពស់ឋានៈរបស់គ្រូបង្រៀននៅក្នុង សង្គម»។

សូមជម្រាបថា ទិវាគ្រូបង្រៀននៅកម្ពុជាបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់សម្តេច        អគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាំងពីឆ្នាំ១៩៩៧មកម្លេះ ហើយដែលមកដល់ឆ្នាំនេះជាខួបលើកទី២៧។ ទិវាគ្រូបង្រៀន ៥ តុលា  ប្រព្រឹត្តឡើងក្នុងគោលបំណង ដើម្បីបំផុសនូវ វប្បធម៌ និងប្រពៃណីនៃការរំឭកគុណូបការៈ ដ៏ថ្លៃថ្លា ជូនចំពោះគ្រូបង្រៀន នៅគ្រប់ភូមិសិក្សា ទូទាំងប្រទេស ដែលពួកគាត់បាននឹងកំពុងបំពេញការងារជាអ្នកអប់រំ និងជាសិល្បៈករផ្ទេរចំណេះដឹង  និងជូនចំពោះគ្រូបង្រៀន ដែលបានចូលនិវត្តន៍ ឬ បានបាត់បង់ជីវិតទៅហើយក្ដី៕

ដោយ ៖ សិលា


ចែករំលែក៖