ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេសចិនថ្លែងថា មិនថាអាជ្ញាធររបស់បុគ្គល Lai Ching-te ទិញអាវុធប៉ុន្មាននោះទេ ក៏វាមិនអាចរារាំងនិន្នាការនៃការបង្រួបបង្រួមជាតិចិនបានឡើយ

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖  នៅថ្ងៃទី ១១ ខែតុលា លោកស្រីMao Ningអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកយកព័ត៌មានបានសួរថា គេហទំព័រក្រសួងការបរទេសចិនបានប្រកាសកាលពីថ្ងៃទី១០ ខែតុលា អំពីការសម្រេចចិត្តចាត់វិធានការប្រឆាំងតបតវិញដោយដាក់ទណ្ឌកម្មចំពោះសហគ្រាសឧស្សាហកម្មយោធាអាមេរិកចំនួន៣ និងអ្នកគ្រប់គ្រងជាន់ខ្ពស់ចំនួន១០នាក់ តើអ្នកនាំពាក្យមានការអធិប្បាយបន្ថែមទេ?

លោកស្រី Mao Ning បានថ្លែងថា ជានិច្ចកាល ប្រទេសចិនតែងតែប្រឆាំងជាដាច់ខាតចំពោះសហរដ្ឋអាមេរិកដែលលក់អាវុធឱ្យតំបន់តៃវ៉ាន់របស់ប្រទេសចិន។ ប៉ុន្មានថ្ងៃមុននេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយសព្វាវុធយ៉ាងច្រើនដល់តំបន់តៃវ៉ាន់របស់ចិនម្តងទៀត ដោយបានបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងសេចក្តីប្រកាសរួមទាំងបីរវាងប្រទេសចិននិងសហរដ្ឋអាមេរិក និងបានជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនូវកិច្ចការផ្ទៃក្នុងរបស់ចិន ប្រទេសចិនបានចាត់វិធានការប្រឆាំងតបតវិញដោយដាក់ទណ្ឌកម្មចំពោះសហគ្រាសឧស្សាហកម្មយោធាអាមេរិក និងអ្នកគ្រប់គ្រងជាន់ខ្ពស់ពាក់ព័ន្ធ។ លោកស្រី Mao Ning បានសង្កត់ធ្ងន់ថា ការធ្វើអបគមន៍ដែលចង់ឱ្យតៃវ៉ាន់”ឯករាជ្យ” គឺផ្ទុយគ្នាទាំងស្រុងជាមួយនឹងសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់។ មិនថាអាជ្ញាធររបស់បុគ្គល Lai Ching-te ទិញអាវុធប៉ុន្មាននោះទេ ក៏មិនអាចរារាំងនិន្នាការប្រវត្តិសាស្ត្រនៃការបង្រួបបង្រួមជាតិចិនដែលជៀសមិនបាននោះដែរ។ ការដែលសហរដ្ឋអាមេរិកទទូចប្រើប្រាស់កម្លាំងអាវុធដើម្បីគាំទ្រកម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ នឹងរុញច្រានឱ្យតំបន់តៃវ៉ាន់ចូលទៅក្នុងស្ថានការណ៍ដ៏គ្រោះថ្នាក់តែប៉ុណ្ណោះ៕

ដោយ ៖ សិលា


ចែករំលែក៖