ភ្នំពេញ៖ នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យានៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំបានបង្ហាញពីការឈ្វេងយល់ពីឧបាយកលប្រើប្រាស់វិស្វកម្មសង្គម (Social Engineering)។
វិស្វកម្មសង្គម ឬSocial Engineering គឺសំដៅលើបច្ចេកទេសនៃចិត្តវិទ្យាដែលបង្កប់នូវឧបាយកលពីសំណាក់ឧក្រិដ្ឋជនបច្ចេកវិទ្យាបោកបញ្ឆោតជនរងគ្រោះឱ្យបង្ហាញនូវព័ត៌មានសម្ងាត់ ឬទទួលបានសិទ្ធិចូលប្រើប្រាស់ប្រព័ន្ធ និង គ្រប់គ្រងទិន្នន័យជាដើម ។
វិធីសាស្រ្ត ឬឧបាយកលនៃវិស្វកម្មបណ្តាញសង្គមរួមមាន ៖
– វីធីសាស្រ្តបន្លំខ្លួន៖ ឧក្រិដ្ឋជនប្រើឧបាយកលបន្លំខ្លួនជាស្ថាប័នរដ្ឋ ឬឯកជន ភ្ញាក់ងារផ្តល់សេវាកម្មនានាដែលអាចទុកចិត្តបាន ដោយប្រើបច្ចេកទេសវិស្វកម្មសង្គម
តាមរយៈការផ្ញើ Email សារជាអក្សរ SMS ឬការហៅតាមទូរសព្ទដោយផ្ទាល់ជាដើម
– ឧបាយកលផ្លូវចិត្តវិទ្យា ៖ ឧក្រិដ្ឋជនប្រើបច្ចេកទេសវិស្វកម្មសង្គម ទាញយកអារម្មណ៍របស់ជនរងគ្រោះដូចជា ការបំភ័យ ភាពបន្ទាន់ និងការជឿទុកចិត្ត ដើម្បីជំរុញអារម្មណ៍ និងផ្លូវចិត្តមុនធ្វើសកម្មភាពបោកប្រាស់
– វិធីសាស្រ្តវាយប្រហារលើប្រព័ន្ធបច្ចេកវិទ្យា ៖ ជាដំណាក់កាលឧក្រិដ្ឋជនធ្វើការវាយប្រហារ តាមរយៈផ្ញើតំណភ្ជាប់ក្លែងក្លាយ ទាញយកកម្មវិធីក្លែងក្លាយជាដើម ដើម្បីចម្លងមេរោគក្នុងគោលបំណងប្រមូលយកទិន្នន័យសំខាន់ៗរបស់ជនរងគ្រោះ មានដូចជាលេខសម្ងាត់គណនីបណ្តាញសង្គម គណនីធនាគារជាដើម
នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យានៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំសូមធ្វើការណែនាំជូនប្រជាពលរដ្ឋដើម្បីការពារខ្លួន និងប្រយុទ្ធប្រឆាំងនឹងបច្ចេកទេសវិស្វកម្មសង្គមពីក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាដូចខាងក្រោម ៖
– សូមមេត្តាប្រុងប្រយ័ត្ននៅពេលបានទទួលបានសារ ឬ Email ការហៅទូរសព្ទចេញចូលដើម្បីស្នើសុំនូវព័ត៌មាន ឬឱ្យអនុវត្តតាមជំហានៗណាមួយសូមធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណបុគ្គលនោះច្បាស់លាស់ជាមួយស្ថាប័នពាក់ព័ន្ធ
– ប្រុងប្រយ័ត្នចំពោះការចុចលើតំណភ្ជាប់ File ឬគេហទំព័រដែលគ្មានប្រភពច្បាស់លាស់តាមបណ្តាញសង្គម ចៀសវាងការចម្លងមេរោគចូលក្នុងម៉ាស៊ីនបច្ចេកវិទ្យារបស់លោកអ្នក
– បើកមុខងារសុវត្ថិភាព 2FA បន្ថែមក្នុងគណនីបណ្តាញសង្គមដើម្បីទប់ស្កាត់ការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិត
– ធ្វើសេចក្តីរាយការណ៍មកសមត្ថកិច្ចជំនាញក្នុងករណីលោកអ្នករងការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិតដើម្បីជួយរកដំណោះស្រាយទាន់ពេលវេលា៕
ដោយ៖ តារា