ភ្នំពេញ៖ យុវជន៣នាក់រងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ខណៈដែលម៉ូតូមួយគ្រឿងជិះលឿនមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ដែលកំពុងបទឆ្លងបញ្ច្រាសផ្លូវ ។ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវសហព័ន្ឋរុស្ស៊ី កែងនឹងផ្លូវលេខ១០៩ ស្ថិតក្នុងសង្កាត់មនោរម្យខណ្ឌ7មករា រាជធានីភ្នំពេញ ។
ប្រភពភ័ព៌មានពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុគឺ មានម៉ូតូមួយគ្រឿងម៉ាកហង់ដាឌ្រីមសេរី២០០៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1F.2757 ដែលជិះតែម្នាក់ឯងក្នុងទិសដៅពីកើតមកលិច តាមបណ្ដោយសហព័ន្ឋរុស្ស៊ី ហើយមកដល់កែងផ្លួវ១០៩ ក៏បានបត់ឆ្វេង ឆ្លងបញ្ច្រាសផ្លូវ ខណៈបត់បានពាក់កណ្ដាលផ្លូវ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកហង់ដាប៉ិច ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BQ,5781 ដោយជិះគ្នាពីរនាក់ ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿនយ៉ាងលឿន ហើយក៏បានបុកម៉ូតូ ដែលកំពុងឆ្លងនោះចំពីចំហៀងពេញទំហឹង បណ្ដាលឲ្យភាគីខាងម៉ូតូជិះឆ្លងផ្លូវបាក់ជើងស្ដាំម្ខាង រីឯភាគីខាងយុវជនជិះឌុបគ្នាពីរនាក់នោះ រងរបួសធ្ងន់ផងដែរ ។
ក្រោយពេលកើតហេតុ រថយន្តសាមុយបានមកដឹកជនរងគ្រោះទាំង៣នាក់ យកទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែតភ្លាមៗ ។ រីឯកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងវាស់វែងយកម៉ូតូទាំង២គ្រឿងនោះ ទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌ៧មករា ដើម្បីរង់ចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់ ៕ ជីម ភារ៉ា ដង្កោ