ខេត្តប៉ៃលិន ៖ បុរសម្នាក់បានស្លាប់ បន្ទាប់ពីចូលជីកទំពាំង ហើយចៃដន្យ ប៉ះចំគ្រាប់មីន បណ្តាលឲ្យផ្ទុះចំដើមទ្រូង ហើយស្លាប់ភ្លាមមួយរំពេច ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣៥នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅក្នុងទឹកដីថៃ ដែលមានចម្ងាយផ្លូវពីព្រំដែនខ្មែរប្រហែល២គីឡូម៉ែត្រ ចំណុចមាត់អូរ ជាប់ជើងភ្នំ នៅភូមិម្រំ ឃុំខ្លងយ៉ៃ ស្រុកពោណាំរ៉ន ខេត្តចាន់បូរី ប្រទេសថៃ ។
មន្រ្តីកងរាជអាវុធហត្ថខេត្តប៉ៃលិនបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គឿន ម៉ាប់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករចាំចម្ការនៅក្នុងប្រទេសថៃ មានស្រុកកំណើតនៅភូមិរកាបុស្ស ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ស្លាប់នៅនឹងកន្លែងកើតហេតុ ។
មន្ត្រីដដែលបានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរទៅជីកទំពាំងតាមមាត់អូរ ជាប់ជើងភ្នំ នៅជិតកន្លែងចម្ការដែលខ្លួននៅមើលថែទាំ ចម្ងាយ៧០០ម៉ែត្រ បន្ទាប់មកបានជីកទំពាំង ចៃដន្យប៉ះចំគ្រាប់មីន មិនស្គាល់ម៉ាក ក៏ផ្ទះត្រូវមុខ និងដើមទ្រូង និងប្រដាប់ភេទខ្ទេច ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ សមត្ថកិច្ចថៃបានទំនាក់ទំនង សមត្ថកិច្ចកម្ពុជាតាមច្រកទ្វារព្រំខេត្តប៉ៃលិន ដើម្បីបញ្ជូនសាកសពជនរងគ្រោះ ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។
បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីចាត់ ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស សារ៉េត
សូមអានបន្តទៀត ៖ បើករថយន្តល្បឿនលឿនគេចរង្វង់មូល ជ្រុលទៅបុកដើមឈើរងរបួសធ្ងន់ខ្លួនឯង