ខេត្តកំពង់ចាម ថ្ងៃទី ១៧ សីហា ២០១៦ ៖ ណាហ្គាវើលបេះដូងសប្បុរស បានផ្តល់សម្ភារៈសិក្សា និងបានផ្តល់អំពូលភ្លើងបំភ្លឺសម្រាប់ថ្នាក់អក្ខរកម្មនៅក្នុងសាលាបឋមសិក្សាសាមគ្គីពិភពលោក ស្ថិតក្នុងឃុំព្រែកគុយ ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃសុក្រទី ៥ សីហា ឆ្នាំ ២០១៦។ ថ្នាក់អក្ខរកម្មនេះ មានទីតាំងស្ថិតនៅកណ្តាលភូមិ ដែលបានបើកឲ្យដំណើរការដំបូងតាំងពីឆ្នាំ ២០១៤ ។
លោក James Ma នាយកផ្នែកទំនាក់ទំនងបុគ្គលិក និងការងារសង្គមណាហ្គាវើល បានមានប្រសាសន៍ថា “ការអប់រំ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ ។ ណាហ្គាវើលបេះដូងសប្បុរស បាននិងកំពុងអនុវត្តកម្មវិធីអប់រំដើម្បីផ្តល់នូវជំនួយចាំបាច់ ដើម្បីជួយពង្រឹងលក្ខខណ្ឌអប់រំឲ្យប្រសើរឡើងនៅតាមបណ្តាខេត្ត។ យើងបាននិងកំពុងបញ្ជូនសម្ភារៈសិក្សា និងរៀបចំកម្មវិធីប្រកួតប្រជែងអប់រំជាមួយសាលារៀនជាច្រើន ព្រមទាំងបាននិងកំពុងលើកទឹកចិត្តសិស្សានុសិស្សសាលាបឋមអនុវិទ្យាល័យ និងវិទ្យាល័យដើម្បីឲ្យពួកគេខិតខំប្រឺងប្រែងសិក្សាសម្រាប់អនាគតរបស់ពួកគេ និងអនាគតរបស់ព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរ។ យើងជឿជាក់ថា វាជាពេលវេលាមួយដើម្បីផ្តល់នូវជំនួយដល់មនុស្សពេញវ័យដែលមិនបានសិក្សាកាលពេលពួកគាត់នៅក្មេង ហើយនេះគឺជាឱកាសទីពីរដើម្បីឲ្យពួកគាត់បានបន្តការសិក្សា។ ក្នុងល្ងាចនោះ យើងបានផ្តល់អាគុយ និងសម្ភារៈអគ្គិសនីដើម្បីដំឡើងសម្រាប់ថ្នាក់អក្ខរកម្ម ហើយសូមអបអរសាទរចំពោះមនុស្សពេញវ័យទាំងអស់ដែលមានវត្តមាននៅថ្នាក់រៀននេះដែលបានបន្តការសិក្សារបស់ពួកគេជាថ្មីម្តងទៀតដោយមិនគិតពីអាយុរបស់ខ្លួន”។
អ្នកស្រី ថ្លាង វ៉ន អាយុ ៧៥ ឆ្នាំ ជាសិស្សថ្នាក់អក្ខរកម្ម មានប្រសាសន៍ថា “ខ្ញុំជាមនុស្សចាស់ជាងគេនៅក្នុងថ្នាក់នេះ។ ខ្ញុំបានខកឱកាសរៀនធម៌ពេលខ្ញុំនៅក្មេង ។ វាគឺជាក្តីស្រមៃរបស់ខ្ញុំក្នុងការរៀនធម៌។ ឥឡូវនេះ ខ្ញុំអាចអាន និងសរសេរធម៌បាន។ ខ្ញុំពិតជារំភើបខ្លាំងណាស់ជាមួយនឹងវត្តមានរបស់ណាហ្គាវើលបេះដួងសប្បុរសក្នុងភូមិរបស់យើង។ ថ្នាក់រៀនរបស់យើងមិនមានភ្លើងជិតមួយឆ្នាំហើយ ហើយយើងក៏រៀននៅក្នុងភាពងងឹត។
ប៉ុន្តែឥឡូវនេះ ណាហ្គាវើលបេះដូងសប្បុរសបានមកដំឡើងភ្លើងឲ្យថ្នាក់រៀនរបស់យើង ហើយថែមទាំងផ្តល់សម្ភារៈសិក្សាមួយចំនួនដល់ខ្ញុំដើម្បីបន្តការសិក្សាទៀតផង” ។
តំណាងអាជ្ញាធរមូលដ្ឋាន លោក ឯម សុងខេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះណាហ្គាវើលបេះដូងសប្បុរសដែលបានផ្ដល់ការគាំទ្រដល់សហគមន៍របស់គាត់។ គាត់មានប្រសាសន៍ថា “យើងរីករាយយ៉ាងខ្លាំង ហើយសូមស្វាគមន៍ណាហ្គាវើលបេះដួងសប្បុរសដែលបានមកដល់ភូមិរបស់យើង បើទោះបីជាស្ថានភាពផ្លូវមានសភាពយ៉ាប់យ៉ឺនដោយសារតែភ្លៀងក៏ដោយ។ វាគឺពិតជាលំបាកខ្លាំងណាស់ក្នុងការធ្វើដំណើរមកកាន់ភូមិរបស់យើង ជាពិសេសនៅពេលយប់។ យើងឃើញការតស៊ូ និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការជួយសហគមន៍របស់យើង ។ ពួកគេបានឧបត្ថម្ភអាគុយដល់យើងដើម្បីបំភ្លឺថ្នាក់រៀន និងចែកសម្ភារៈសិក្សាដល់សិស្សរបស់យើងផងដែរ។ អ្នកភូមិ និងសិស្សទាំងអស់ នឹងចងចាំនូវការរួមចំណែករបស់ណាហ្គាវើលបេះដូងសប្បុរស” ។
លោក ហៀង ជ្រុន គ្រូបង្រៀនថ្នាក់អក្ខរកម្ម បានឲ្យដឹងថា “ថ្នាក់អក្ខរកម្មរបស់យើងបានចាប់ផ្តើមដំបូងនៅឆ្នាំ ២០១៤ ។ បេសកកម្មរបស់ថ្នាក់រៀននេះ គឺដើម្បីផ្តល់នូវកន្លែងដែលមនុស្សពេញវ័យអាចមានឱកាសជាលើកទីពីរក្នុងការបន្តការសិក្សារបស់ពួកគេ ។ ថ្នាក់អក្ខរកម្មនេះ ផ្តល់នូវកម្មវិធីដែលទទួលស្គាល់ពីថ្នាក់ជាតិ ហើយមានមុខវិជ្ជាជាច្រើន ដូចជា គណិតវិទ្យា និងអក្សរសាស្ត្រខ្មែរ ។ នេះគឺជាក្រុមទីបីក្នុងឃុំព្រែកគុយ ។ ចាប់តាំងពីការកកើតថ្នាក់អក្ខរកម្មនេះមក យើងទទួលបានការឆ្លើយតប និងលទ្ធផលគួរជាទីពេញចិត្តយ៉ាងខ្លាំង។ មនុស្សពេញវ័យដែលមិនចេះអក្សរជាង ៧០ នាក់ អាចអាន និងសរសេរបានបន្ទាប់ពីចូលរៀនថ្នាក់អក្ខរកម្មនេះ“ ។
លោកបានបន្តទៀតថា “ឧបសគ្គតែមួយគត់នៅក្នុងថ្នាក់រៀននេះ គឺការងងឹតនៅពេលយប់ ។ យើងសប្បាយរីករាយខ្លាំងណាស់ជាមួយនឹងវត្តមានរបស់ណាហ្គាវើលបេះដូងសប្បុរស ។ ពួកគេមក និងផ្តល់ឲ្យយើងនូវសម្ភារៈសិក្សាជាច្រើន និងអាគុយនៅពេលយប់នេះបន្ទាប់ពីការធ្វើដំណើរដ៏ឆ្ងាយពីរាជធានីភ្នំពេញមកកាន់ភូមិរបស់យើង ។ ជាមួយអាគុយដែលបានឧបត្ថម្ភដោយណាហ្គាវើលបេះដូងសប្បុរស ឥឡូវនេះបញ្ហាងងឹត ត្រូវបានដោះស្រាយ ហើយសិស្សអាចរៀននៅក្រោមបរិយាកាសដែលមានពន្លឺភ្លឺច្បាស់។ យើងសូមអរគុណដល់ពួកគេអស់ពីបេះដូងរបស់យើង” ៕ ស ដារ៉ា