ទីក្រុងវៀងច័ន្ទន៍ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា អាស៊ានគឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព សន្តិសុខ និងវិបុលភាពតំបន់។ ជាមួយគ្នានេះ សម្តេចបានស្នើឱ្យមានការពង្រឹងឯកភាព សមាហរណកម្ម និងការតភ្ជាប់ក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ សំដៅលើកកម្ពស់អាស៊ាន ដោយយកប្រជាជនជាស្នូល។
សម្តេចប្រធានរដ្ឋសភា បានប្រសាសន៍បែបនេះ នៅក្នុងបទអន្តរាគមន៍គន្លឹះក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតអាយប៉ាលើកទី៤៥ នៅទីក្រុងវៀងច័ន្ទន៍ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។ សម្តេចប្រធានរដ្ឋសភាបានលើកឡើងបន្តថា អន្តរសភាអាស៊ានដើរតួនាទីកាន់តែសំខាន់ទ្វេដង ក្នុងការលើកកម្ពស់សណ្តាប់ធ្នាប់ក្នុងតំបន់ តាមរយៈការពង្រឹង និងរួមសហការគ្នា និងការអនុវត្តគោលការណ៍ និងបទដ្ឋានសំខាន់ៗរបស់អាស៊ាន ជាពិសេសគឺគោលការណ៍អព្យាក្រឹត បរិយាបន្ន និងបើកចំហ នៅក្នុងបរិបទដែលសកលលោកនាពេលបច្ចុប្បន្នកំពុងប្រឈមការប្រែប្រួលយ៉ាងឆាប់រហ័ស មិនអាចស្មានទុកជាមុន និងប្រកបដោយគ្រោះថ្នាក់បំផុត។
មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធធ្វើឡើងក្រោមមូលបទ “តួនាទីសភាក្នុងការពង្រឹងការតភ្ជាប់ និងកំណើនប្រកបដោយបរិយាបន្នរបស់អាស៊ាន-The Role of Parliament in Enhancing Connectivity and Inclusive Growth of ASEAN”។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា មូលបទនៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ គឺមានសារៈសំខាន់ និងសមស្របតាមពេលវេលាបំផុត ដោយផ្តោតលើតួនាទីសភាក្នុងការលើកកម្ពស់ការតភ្ជាប់ និងកំណើនរបស់អាស៊ានប្រកបដោយបរិយាបន្ន។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសង្កត់ធ្ងន់ថា “យើងត្រូវរក្សាការរួបរួម និងទំនាក់ទំនងគ្នាជិតស្និទ្ធ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃតំបន់និយម និងពហុភាគីនិយមប្រកបដោយភាពបើកចំហ និងបរិយាបន្ន ហើយពង្រឹងគោលការណ៍សំខាន់ៗ គុណតម្លៃរួម និងបទដ្ឋាននានាដូចមានចែងក្នុងធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក និងលិខិតូបករណ៍ជាតិ និងអន្តរជាតិផ្សេងទៀត។ ការទូតសភា និងកិច្ចសហប្រតិបត្តិការសភាកាន់តែមានភាពសមស្រប ចាំបាច់ខ្លាំង ក្នុងការលើកកម្ពស់គោលការណ៍ គុណតម្លៃ និងបទដ្ឋានរបស់អាស៊ាន”។
សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា សេដ្ឋកិច្ចអាស៊ានកំពុងត្រូវបានស្តារ និងងើបឡើងវិញបានយ៉ាងល្អពីជំងឺរាតត្បាតកូវីដ-១៩។ ទោះជាយ៉ាងណាក្តី យើងត្រូវបន្តពង្រឹងភាពធន់ក្នុងតំបន់ តាមរយៈការខិតខំប្រឹងប្រែង និងការអភិវឌ្ឍសមត្ថភាពទាំងអស់គ្នា ក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត ដើម្បីអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ និងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ព្រមទាំងគោលនយោបាយសេដ្ឋកិច្ចក្នុងតំបន់ផ្សេងទៀត ដើម្បីពង្រឹងការធ្វើសមាហរណកម្ម និងការតភ្ជាប់ក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅថែមទៀត។ បន្ថែមពីនេះ យើងក៏ត្រូវគិតគូរបន្ថែមអំពីសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថល បញ្ហានៃការប្រែប្រួលអាកាសធាតុ សមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចស្ត្រី ជាដើម។
ប្រធានគណៈប្រតិភូសភាកម្ពុជា បានបញ្ជាក់ថា សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថល គឺជាប្រភពនៃកំណើនដ៏សំខាន់ប្រកបដោយភាពធន់ និងបរិយាបន្ន។ ចំណែកសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចស្ត្រី គឺចាំបាច់ក្នុងការជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន។ “ដើម្បីសម្រេចនូវគោលដៅនេះ យើងត្រូវតែវិនិយោគលើការខិតខំប្រឹងប្រែង និងធនធានបន្ថែមទៀត ក្នុងការអភិវឌ្ឍគោលនយោបាយក្នុងតំបន់ និងក្របខណ្ឌច្បាប់ ដែលគាំទ្រដល់ការពង្រឹងសិទ្ធិអំណាច ស្ត្រី ជាពិសេសក្នុងបរិបទនៃបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង”។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា និយាយដោយខ្លី អាស៊ានគឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព សន្តិសុខ និងវិបុលភាពតំបន់។ “យើងចាំបាច់ត្រូវពង្រឹងឯកភាព និងមជ្ឈភាពអាស៊ាន លើកកម្ពស់សណ្តាប់ធ្នាប់ក្នុងតំបន់ដែលដឹកនាំដោយអាស៊ាន តាមរយៈការពង្រឹង សមាហរណកម្ម និងការតភ្ជាប់ក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ ការលើកកម្ពស់អាស៊ាន ដែលផ្តោតលើប្រជាជនជាស្នូល”។
ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ជម្រាបជូនអង្គមហាសន្និបាតអាយប៉ានិងអញ្ជើញគណៈប្រតិភូសភាអន្តរជាតិ ចូលរួមសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអន់ឱននិងសន្តិភាពលើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែវិច្ឆិកា ខាងមុខនេះផងដែរ។ សន្តិភាពមានតម្លៃជាកសលមិនអាចកាត់ថ្លៃបាន។នៅកម្ពុជាសម្តេចតេជោ ហ៊ុន សែន ជាមគ្គទេសក៍សន្តិភាព។
សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា កិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាព (IPTP) ជាវេទិកាមួយដើម្បីលើកកម្ពស់កិច្ចសន្ទនាពហុភាគីស្តីពីសន្តិភាព ដែលនឹងពិភាក្សា និងអនុម័ត “ធម្មនុញ្ញសន្តិភាព៖ សម្រាប់ប្រជាជន និងភពផែនដី” ដែលជាការផ្តួចផ្តើមដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា៕
ដោយ ៖ សិលា