ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូមិនបានប្រុងប្រយ័ត្នជ្រុលចង្កូតបុករថយន្តរងរបួសធ្ងន់ ស្រាល២នាក់

ចែករំលែក៖

ខេត្តរតនគិរី៖ បុរសម្នាក់ជិះម៉ូតូទៅទាក់រលក ចៃដន្យមកដល់ត្រង់ផ្លូវបំបែកជាបួន មិនបានប្រុងប្រយ័ត្ន ក៏បុករថយន្ត ដែលកំពុងធ្វើចរាចរណ៍បត់ត្រឡប់ក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ ស្រាល២នាក់ នៅក្រុងបានលុង ខេត្តរតនគរីរី ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩និង២៥នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវបំបែកជាបួន លើផ្លូវជាតិលេខ៧៨ ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។

បើតាមសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ សឹប យ៉ាន ភេទប្រុស អាយុ៤៥ឆ្នាំ មានមុខរបរលក់ដូរនៅក្នងផ្សារ រស់នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង រងរបួសចំដើមទ្រូង ដោយសារបុកផ្ទុប់នឹងដៃចង្កូតម៉ូតូ(របួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ ម៉ូ សា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរទាក់រលក(របួសស្រាល)រស់នៅជាមួយគ្នា ។

ប្រភពបានបន្តឲ្យដឹងទៀតថា អ្នកទាំង២ជិះម៉ូតូ ម៉ាក Hongda Dream សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ រតនគិរី ១B.៣០៦៣ ពណ៌ខ្មៅ ជិះម៉ូតូក្នុងទិសដៅពីត្បូងទៅជើង មកដល់ត្រង់កន្លែងកើតហេតុខាងលើ ក៏បុករថយន្តពីចំហៀងខាងឆ្វេង ផ្នែកខាងក្រោយពេញទំហឹងបណ្តាលឲ្យរថយន្តបែកកញ្ចក់ ចំណែកម៉ូតូបាករបាំង និងវៀចកង់មុខខូចខាតយ៉ាងដំណំ។

រីឯអ្នកបើកបររថយន្តឈ្មោះ តាំ អាយុ៥២ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង បើកបររថយន្តម៉ាកកាមរី ហើម ពណ៌ត្រាវ ពាក់ស្លាកលេខ ភ្នំពេញ ២A.២៨៥៣ ។

បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្ត និងម៉ូតូ គឺខុសទាំងសងខាង ព្រោះម៉ូតូបើកបរក្នុងល្បឿនលឿនចំណែករថយន្តបត់គ្មានបច្ចេកទេសត្រឹមត្រូវ គឺគ្មានភ្លើងសញ្ញាតែម្តង ។

បច្ចុប្បន្ន រថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍អូសយកទៅរក្សាទុកនៅការិយាល័យ នៃស្នងការខេត្ត រង់ចាំដោះស្រាយជាក្រោយ ។

ចំណែកជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកជញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ៕ វុទ្ធ ឦសាន្ត

rates (3)

rates (2)

rates (1)

rates

rates (4)


ចែករំលែក៖