ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក់វ៉ែវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1G-5094 បានប្រើល្បិចចូលទៅក្នុងហាងលក់ទូរស័ព្ទដៃយីហោ លឹម ហាវ ក្បែរផ្សារនាគមាស រួចបានធ្វើសកម្មភាពដកកាំភ្លើងខ្លីមួយដើម ភ្ជង់ប្លន់យកទូរស័ព្ទស៊េរីទំនើបបាន៧គ្រឿង ហើយរត់គេចខ្លួនចូលផ្សារនាគមាសបាត់ស្រមោល បន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើសកម្មភាពឡោមព័ទ្ធ ។
ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចហាងលក់ទូរស័ព្ទដៃយីហោ លឹម ហាវ ទីតាំងផ្ទះលេខ៧៨ ផ្លូវលេខ២៣០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពត័ព៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺជនសង្ស័យបានជិះម៉ូតូមួយគ្រឿង ម៉ាក់វ៉ែវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1G-5094 បានប្រើល្បិចចូលទៅក្នុងហាងលក់ទូរស័ព្ទដៃយីហោ លឹម ហាវ ហើយសុំពិនិត្យមើលទូរស័ព្ទចុះឡើងប្រហែលជិតមួយម៉ោង រួចក៏ធ្វើសកម្មភាពដក់កាំភ្លើងភ្ជង់ប្លន់តែម្តង ។
ក្រោយធ្វើសកម្មភាពបានសម្រេច ហើយជនសង្ស័យបានរត់ទៅលាក់ខ្លនក្នុងផ្សារនាគមាស ព្រមទាំងយកទូរស័ព្ទដៃ បានសម្រេចចំនួន៧គ្រឿង ភ្លាមនោះកម្លាំងសមត្ថកិច្ចជាច្រើននាក់ បានចុះទៅធ្វើសកម្មភាពឡោមព័ទ្ធដើម្បីចាប់មុខសញ្ញាចោរប្លន់ ដែលមានអាវុធនៅក្នុងដៃផងដែរ ៕ ស ដារ៉ា