ខេត្តកណ្តាលៈ ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចម៉ូតូបានសម្រេច ជិះគេចខ្លួនពីភ្នំពេញគោលបំណងយកដើរលក់នៅឃុំក្រាំងយ៉ូវ ខណៈជិះដល់ឃុំស្អាងភ្នំ ក៏ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងចេញល្បាតចាប់ខ្លួនបាន កាលពីវេលាម៉ោងរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចស្ពានកំពង់ស្វាយ ស្ថិតក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អន អូន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ធូប-ទៀន នៅមុខវាំង បច្ចុប្បន្នស្នាក់នៅភូមិសម្លរកកូរ ប្លុកស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ក្នុងប្រតិបត្តិការចាប់ខ្លួនជនសង្ស័យខាងលើនេះសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង ម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ូគី និច ពណ៌លឿងលាយស ពាក់ស្លាកលេខភ្នំពេញ1CJ-8980 ជាកម្មសិទ្ធរបស់ជនរងគ្រោះឈ្មោះ ថោង ដនរិទ្ធិពង្ស ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភពដដែលបានបន្តថា នៅមុនពេលចាប់ខ្លួនជនសង្ស័យខាងលើនេះសមត្ថកិច្ចនគរបាលស្រុកស្អាងបានចេញល្បាតក្នុងភូមិសាស្ត្រឃុំស្អាងភ្នំ ខណៈនោះបានប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូតាមដងផ្លូវ ។ អ្វីដែលធ្វើឲ្យសមត្ថកិច្ចឈានដល់ចាប់ខ្លួននោះ ពេលជនសង្ស័យឃើញសមត្ថកិច្ចបានព្យាយាមបន្ថែមល្បឿនបើកគេច ទើបសមត្ថកិច្ចដេញតាមចាប់ធ្វើបញ្ជូនទៅកាន់អធិការដ្ឋានននគរបាលស្រុក ដើម្បីធ្វើការសាកសួរ ។
ជនសង្ស័យឈ្មោះ អន អូន បានសារភាពប្រាប់សមត្ថកិច្ចនគរបាលថា នៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ រូបគេបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងដែលខ្លួនជិះនេះចេញពីផ្សារសាន់ហាន់ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្នុងគោលបំណងយកដើរលក់ ។ ពេលជិះមកជួបសមត្ថកិច្ចរូបគេមានការភ័យខ្លាចក៏បើកម៉ូតូរត់គេចខ្លួន តែរត់មិនរួចក៏ត្រូវសមត្ថកិច្ចនគរបាលក្របួចជាប់តែម្តង ៕ ស្អាងជ័យ
សូមអានបន្តទៀត ៖លោក ប៉ា ងួនទៀង សន្យាចូលបំភ្លឺលើកក្រោយទៀត ប្រសិនបើតុលាការកោះហៅលើកទីពីរ