ភ្នំពេញ ៖ សំណុំរឿងលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនឹងត្រូវសាលាដំបូងរាជធានីភ្នំពេញបើកសវនា ការជំនុំជម្រះនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០១៦ខាងមុខនេះ ។
ភ្នាក់ងារកាសែតនគរវត្តមិនអាចទំនាក់ទំនងសុំការបញ្ជាក់ពីលោក សំ សុគង់ មេ ធាវីការពារក្ដីលោក អ៊ុំ សំអាន បាននៅ ឡើយទេកាលពីរសៀលថ្ងៃទី១៨ ខែសីហា ដោយសារទូរស័ព្ទចូលជាច្រើនលើកគ្មានអ្នកទទួល។ ប៉ុន្តែលោក សំ សុគង់ បានប្រាប់ សារព័ត៌មានក្នុងស្រុកមួយថា សាលាដំបូង រាជធានីភ្នំពេញនឹងបើកសវនាការរឿងក្ដី លោក អ៊ុំ សំអាន នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០១៦ខាងមុខ ។
លោក អ៊ុំ សំអាន ជាប់ចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បង្កឲ្យមាន ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និង បទញុះញង់ឲ្យមានការរើសអើងពាក់ព័ន្ធផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញកាលពីអំឡុង ឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ។
បទល្មើសញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ កំណត់ការផ្តន្ទាទោសពី៦ខែទៅ២ឆ្នាំនិងពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល ។
បទល្មើសញុះញង់ឲ្យមានការរើសអើង កំណត់ការផ្តន្ទាទោសពី១ឆ្នាំទៅ៣ឆ្នាំនិង ពិន័យជាប្រាក់ពី២លានរៀលទៅ៦លាន រៀល ៕ ចេស្តា