ភ្នំពេញ ៖ កម្លាំងនគរបាលបុ៉ស្តិ៍ចោមចៅ កម្លាំងជំនាញខណ្ឌនិងការិយាល័យព្រហ្មទណ្ឌកម្រឹតស្រាលបានស្រាវជ្រាវតាម ចាប់ខ្លួនជនសង្ស័យ៣នាក់ក្នុងនោះមានស្រីម្នាក់ក្នុងចំណោមបក្ខពួក៦នាក់បានជា បន្តបន្ទាប់កាលពីវេលាម៉ោង១១និង២៥នាទីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីជនសង្ស័យ និងបក្ខពួកធ្វើសកម្មវាយប្លន់យកមូ៉តូពីជនរងគ្រោះម្នាក់បាន សម្រេចកាលពីវេលាម៉ោង១២និង៥០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែ សីហា នៅតាមផ្លូវបេតុងភូមិស្រែជម្រៅ សង្កាត់ចោមចៅ ។ លុះពេលប្លន់យកបានមូ៉តូហើយជនសង្ស័យបានប្រទះជាមួយ កម្លាំងសមត្ថកិច្ចក៏ផ្តួលមូ៉តូចោលរត់គេច ខ្លួនបាត់ ។
ជនសង្ស័យ៣នាក់ត្រូវបានចាប់ឃាត់ ខ្លួន ទី១-ឈ្មោះ សុខ រិទ្ធី ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅផ្ទះ លេខ៤០អឺ ក្នុងបុរីសន្តិភាព២ ភូមិតំណាក់ ត្រយឹង សង្កាត់ចោមចៅ, ទី២-ឈ្មោះ ជា ដាវីដ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅផ្ទះលេខ២៧អិុច ក្នុងបុរីសន្តិភាព២, ទី៣-ឈ្មោះ សុ៊ន ផែង ភេទស្រី អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ។ ចំណែកបក្ខពួក៣នាក់ទៀតបានគេចខ្លួនបាត់ ។
តាមនគរបាលបានឲ្យដឹងថា ក្រុមជន សង្ស័យខាងលើបានធ្វើសកម្មភាពវាយ ប្លន់យកមូ៉តូពីជនរងគ្រោះឈ្មោះ ម៉ៅ ខួច ភេទអាយុ ១៨ឆ្នាំ ស្នាក់នៅភូមិស្រែជម្រៅ សង្កាត់ចោមចៅ មានស្រុកកំណើតនៅ ភូមិដុងឧត្តម ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ មូ៉តូដែលក្រុមចោរប្លន់វាយយកនោះម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CT-0635 ។
ប្រភពបន្តទៀតថា ក្រុមជនសង្ស័យ៦ នាក់ក្នុងនោះស្រីម្នាក់ប្រដាប់ដោយខ្សែ ក្រវាត់ ដុំថ្ម ដំបង បានធ្វើសកម្មភាពវាយ ប្លន់ជនរងគ្រោះកាលពីអធ្រាត្រឈានចូលថ្ងៃទី១៨ ខែសីហា ខណៈដែលជនរងគ្រោះ មានគ្នា៦នាក់ជិះមូ៉តូ៣គ្រឿងចេញពីក្លិប មីតណាញឆ្ពោះទៅផ្ទះជួលទើបតែដល់ ចំណុចកើតហេតុត្រូវបានក្រុមជនសង្ស័យស្ទាក់វាយប្លន់យកមូ៉តូបានសម្រេចហើយ ជិះរត់គេចខ្លួនតែត្រូវបានកម្លាំងល្បាត របស់នគរបាលខណ្ឌបុ៉ស្តិ៍ និងស្រាវជ្រាវ តាមជួបមូ៉តូរបស់ជនរងគ្រោះនៅផ្លូវបេតុង ក្នុងបុរីសន្តិភាព២តែជនសង្ស័យនាំគ្នារត់គេចបាត់អស់ ។
ក្នុងប្រតិបត្តិការស្រាវជ្រាវតាមចាប់មុខសញ្ញាវាយប្លន់ខាងលើនេះសមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យបាន៣នាក់ចំណែក បក្ខពួក៣នាក់ទៀតរត់គេចខ្លួនបាត់។ ជនសង្ស័យក្រោយពីឃាត់ខ្លួនបានត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ