ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ ត្រីហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តមានប្រសាសន៍ឲ្យដឹងថា នៅ វេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៦ កម្លាំងការិយា ល័យបទល្មើសគ្រឿងញៀនសហការជាមួយកម្លាំងអាវុធហត្ថស្រុកព្រៃនប់បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននៅចំណុចចំណតរថយន្តក្នុងភូមិបឹងវែង ឃុំ វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជនសង្ស័យចំនួន៣នាក់ដែលត្រូវបានឃាត់ខ្លួនទី១.ឈ្មោះ កែវ ផល ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិត្រពាំងខ្យង ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត, ទី២.ឈ្មោះ ស្វាយ បូលីកា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបើករថយន្ត រោងចក្រដឹកកម្មករ មានទីលំនៅ ភូមិ៧មករា ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំនិងទី៣.ឈ្មោះ ង៉ែត ចំរើន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ មាន ទីលំនៅភូមិត្រពាំងខ្យង ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។
ជាមួយការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទ ម្សៅក្រាមពណ៌សថ្លាហៅម៉ាទឹកកកចំនួន៥កញ្ចប់ធំ, ថ្នាំយ៉ាម៉ា២គ្រាប់, ទូរស័ព្ទដៃ៤គ្រឿង, លុយខ្មែរ១៥មឺុនរៀលនិងសម្ភារពាក់ព័ន្ធមួយចំនួនទៀត ។
ជនសង្ស័យទាំង៣នាក់ខាងលើរួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញរៀបចំកសាង សំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ដើម្បីចាត់ការតាមនីតិវិធី ៕ ឆ្លាមសមុទ្រ