ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោក លោកស្រី ម្ចាស់ក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណវាយតម្លៃពី ន.អ.ប. គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងសាធារណជន មេត្តាជ្រាបថា៖ កន្លងមក ន.អ.ប. សង្កេតឃើញថា ក្រុមហ៊ុនវាយ- តម្លៃមួយចំនួនបានធ្វើការផ្តល់សេវាកម្មវាយតម្លៃបឋម (IOV) ជូនអតិថិជនរបស់ខ្លួនដែលជាគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ។ ការផ្តល់សេវាកម្មវាយតម្លៃបឋមនេះ គឺជាការប៉ាន់ស្មានតម្លៃប្រហាក់ប្រហែលនៃអចលនវត្ថុ ដោយមិនបាន ចុះធ្វើការសិក្សាវាយតម្លៃអចលនវត្ថុជាក់ស្តែងដែលខុសពីនិយាមវិជ្ជាជីវៈ។
ម៉្យាងវិញទៀត ទិន្នន័យតម្លៃអចលនវត្ថុ មិនមានសុក្រឹតភាព មានភាពលំអៀងខ្ពស់ និងមិនត្រូវបានទទួលខុសត្រូវដោយអ្នកវាយតម្លៃឡើយ។ ដូច្នេះ ការផ្តល់សេវាកម្ម វាយតម្លៃបឋមនេះ មិនអាចធានាបាននូវសមត្ថភាពវិជ្ជាជីវៈ និងគុណភាពនៃការផ្តល់សេវាកម្មរបស់អ្នកវាយតម្លៃ ធ្វើឱ្យ បាត់បង់ជំនឿទុកចិត្តក្នុងទីផ្សារសេវាកម្មវាយតម្លៃ និងអាចបង្កឱ្យមានហានិភ័យក្នុងទីផ្សារអចលនវត្ថុនៅព្រះរាជាណា- ចក្រកម្ពុជា។
ក្នុងន័យនេះ ន.អ.ប. សូមណែនាំដល់ លោក លោកស្រី ម្ចាស់ក្រុមហ៊ុនវាយតម្លៃទាំងអស់បញ្ឈប់ការផ្តល់ សេវាកម្មវាយតម្លៃបឋមជូនអតិថិជនរបស់ខ្លួន ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះតទៅ។ ក្នុងករណីពិនិត្យឃើញថា មានក្រុមហ៊ុនវាយតម្លៃណាមួយនៅតែអនុវត្តផ្ទុយពីខ្លឹមសារនៃសេចក្តីណែនាំនេះ ន.អ.ប. នឹងចាត់វិធានការទៅតាម ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី ម្ចាស់ក្រុមហ៊ុនទាំងអស់ ជ្រាបជាព័ត៌មាន និង ចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយការទទួលខុសត្រូវ៕
ដោយ៖ តារា