កីឡាករ Enzo Fernandez ខ្សែបម្រើ របស់ Chelsea បានចែកផ្លូវគ្នាពីភរិយាដែលបានស្រលាញ់គ្នាតាំងពីនៅវ័យកុមារ ហើយបានទៅរស់នៅម្នាក់ឯងក្រោយពីផ្លាស់មកកាន់ប្រទេសអង់គ្លេសបាន១៨ខែ។
Fernandez និងភរិយា Valentina Cervantes បានជួបគ្នានៅឯស្រុកកំណើតរបស់ពួកគេនៃប្រទេសអាហ្សង់ទីនហើយមានកូនពីរនាក់ជាមួយគ្នាកូនស្រីកើតនៅខែមីនាឆ្នាំ 2020 និងកូនប្រុសម្នាក់ដែលកើតនៅខែតុលាឆ្នាំ 2023 ។
នាងCervantes បានដើរតាមរួមរស់ជាមួយនឹងកីឡាករ Fernandez តាំងពីពេលទៅលេងឲ្យក្រុម Benfica នៅពេលដែលគាត់បានចូលរួមជាមួយក្លឹបព័រទុយហ្គាល់ក្នុងឆ្នាំ 2022 ហើយបន្ទាប់មកបានផ្លាស់ទៅទីក្រុងឡុងដ៍ដើម្បីចូលរួមជាមួយដៃគូរបស់នាងនៅពេលដែលគាត់បានចុះហត្ថលេខាជាមួយ Chelsea ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ 107 លានផោនកាលពីខែមករាឆ្នាំមុន។ ប៉ុន្តែរយៈពេលជាង 18 ខែមកនេះ គូស្នេហ៍មួយគូនេះបានសម្រេចចិត្តដើរផ្លូវដាច់ដោយឡែកពីគ្នា។
ការសម្រេចចិត្តដ៏ធំរបស់ Fernandez លើជីវិតផ្ទាល់ខ្លួនរបស់គាត់កើតឡើងចំពេលដ៏លំបាកមួយក្នុងអាជីព Chelsea របស់គាត់ដែលបានឃើញគាត់ធ្លាក់ទៅលេងជាកីឡាករបម្រុងដោយគ្រូបង្វឹក Enzo Maresca ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
កីឡាករវ័យ 23 ឆ្នាំដែលបានធ្វើជាប្រធានក្រុមតោខៀវក្នុងសប្តាហ៍បើករដូវកាលនេះ មិនបានចាប់ផ្តើមការប្រកួតលីកពីរចុងក្រោយរបស់ Chelsea នោះទេ ដោយលោក Maresca ពេញចិត្តការចាប់ដៃគូជាមួយខ្សែបម្រើ Moises Caicedo និង Romeo Lavia ៕
ដោយ៖ ភារៈ