ភ្នំពេញ ៖ ស្គាល់អត្តសញ្ញាណសពបុរសដែលអណ្តែតទឹក ជើងមានសោរច្រវាក់ហើយ ដែលប្រជាពលរដ្ឋប្រទះឃើញនៅទន្លេសាបកាលពីព្រឹកថ្ងៃទី១៩ ខែសីហា នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ឥឡូវស្គាល់អត្តសញញាណហើយ ដោយមានម្តាយ និងបងប្អូនមកបញ្ជាក់ពីអត្តសញ្ញាណនៅអធិការខណ្ឌជ្រោយចង្វា កាលពីព្រឹក ថ្ងៃទី២០ ខែសីហានេះ ។
បើតាម ស្ត្រី ឈ្មោះញេប ថាវរី អាយុជាង៤០ឆ្នាំ រស់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឱ្យដឹងថា កូនប្រុសរបស់គាត់ ដែលស្លាប់អណ្តែតទឹកនោះឈ្មោះ សយ ភារម្យ អាយុ២៧ឆ្នាំ ស្នាក់នៅជាមួយគាត់ ជាមនុស្សវិកលចិក ហើយញៀនថ្នាំទៀតផង ដែលបាត់ចេញពីផ្ទះរយៈពេល៣ថ្ងៃមកហើយ ដោយយកច្រវាក់ និងកូនសោសម្រាប់ចាក់ម៉ូតូទៅជាមួយ បើទោះបីគាត់ និងសាច់ញាតិខំដើររកយ៉ាងណាក៏រកមិនឃើញ ។
ប្រភពពីម្តាយបន្តថា គាត់ដឹងតាមរយៈហ្វេសបុកនិងសារព័ត៌មានកាលពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ រួចព្រឹកឡើង គាត់ក៏មកទាក់ទងនៅអធិការខណ្ឌតែម្តង ។
គួររំលឹកថា សពបុរសម្នាក់ មានជាប់ខ្នោះជើង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ បង្កការភ្ញាក់ផ្អើល រួច រាយការណ៍មកសមត្ថកិច្ចចុះមកពិនិត្យកាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦។
សេចក្ដីរាយការណ៍បានឲ្យដឹងថា សពនោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្ដែតទឹក ទាំងជើងជាប់ច្រវាក់នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខច្រាំងទន្លេសាប ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។
សេចក្ដីរាយការណ៍បន្តថា សពនោះ ស្លៀកខូវប៊យ អាវយឺតដៃខ្លីពណ៌លឿង អាយុប្រហែលជាង៣០ឆ្នាំ ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញ រួចរាយការណ៍មកសមត្ថកិច្ចចុះមកស្រង់ចេញពីទឹកយកទៅធ្វើកោសល្យវិច័យនៅវត្តព្រែកតាគង់។ សពនេះអាចត្រូវឃាតកសម្លាប់ រួចយកមកបោះចូលទឹករយៈពេល២ថ្ងៃមកហើយ។
គេមិនទាន់ស្គាល់អត្តសញ្ញាណសពបុរសដែលជាប់ច្រវាក់និងសោរជើងខាងលើនោះទេ បុ៉ន្តែសមត្ថកិច្ចនិងគ្រូពេទ្យបានដាក់ការសង្ស័យថា ជាករណីឃាតកម្មដោយធ្វើទារុណកម្មចាក់សោរច្រវាក់រួចបោះទំលាក់ទឹកពីកន្លែងផ្សេងហើយយកមកបោះចោលនៅក្នុងទន្លេសាបនេះ ។
បន្ទាប់ពីសមត្ថកិច្ចបច្ចេកទេសពិនិត្យ និងធ្វើកោសល្យវិច័យបញ្ជាក់ថា សពបុរសរងគ្រោះខាងលើ គឺស្លាប់ដោយសារឈ្លកទឹក អាចក្រុមឃាតកចាប់ដាក់ច្រវាក់ជើងទាំ២ជាប់គ្នារួចបោះទម្លាក់ទឹកតែម្តង ។
ក្រោយពីសមត្ថកិច្ចកិច្ចពិនិត្យសពរួចបានប្រគល់ទៅឱ្យអាចារ្យភ្លុកបូជាតាមប្រពៃណីនៅវត្តព្រែកតាគង់៕ ជ្រោយពេជ្រ