ព័ត៌មានទាន់ហេតុការណ៍៖

សកម្មជនបឹងកក់ លោកស្រី ទេព វន្នី ត្រូវតុលាការឃុំខ្លួន ករណីផ្សេងមួយទៀត

ចែករំលែក៖

ភ្នំពេញ៖ សកម្មជនបឹងកក់ លោកស្រី ទេព វន្នី ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីល្ងាចថ្ងៃទី១៩ ខែសីហា ឃុំខ្លួនដាក់ពន្ធនាគារមួយករណីផ្សេងទៀត ដើម្បីបន្តការស៊ើបអង្កេត ។

សកម្មជនបឹងកក់ពីររូប គឺ លោកស្រី ទេព វន្នី និង លោកស្រី ប៊ូវ សោភា ទើបត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធនឹងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ឬ Black Monday ដែលរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ជាចលនាបដិវត្តន៍ពណ៌ ។

សំណុំរឿងចលនាបដិវត្តន៍ពណ៌នេះ នឹងត្រូវសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការ នៅព្រឹកថ្ងៃទី២២ ខែសីហា ដោយមានលោក ពេជ្រ វិជ្ជាធរ ជាចៅក្រមជំនុំជម្រះ ។

ដោយឡែកករណីថ្មីដែលទើបត្រូវបានតុលាការសម្រេចឃុំខ្លួនលោកស្រី ទេព វន្នី នេះ ត្រូវបានអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងថា ” ចៅក្រមស៊ើប នូ វាសនា បានសួរចម្លើយជនត្រូវចោទឈ្មោះ ទេព វន្នី ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្បែរវិមានឯករាជ្យ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៣ តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៩៥៦ ចុះថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៣ “។

លោក សុផាណា បន្តថា “បន្ទាប់ពីដំណើរការពិភាក្សាដេញដោលចំពោះមុខរួច លោកចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនត្រូវចោទរូបនេះជាបណ្តោះអាសន្ន ” ៕ ចេស្តា

៣៣


ចែករំលែក៖