ភ្នំពេញ ៖ ពិធីការិនី និងជាតារាសម្តែងកំពុងមានប្រជាប្រិយភាពកញ្ញាកញ្ញា ជុំ រចនា ពេជ្រ ហៅបេប៊ីបានសម្តែងនូវអារម្មណ៍ខឹងសម្បារនិងព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនក្រោយពីបុរសមិនស្គាលអត្តសញ្ញាណម្នាក់ព្យាយាមតាមដាននាងស្ទើរគ្រប់ជំហាន។ នាងព្រមានប្តឹងមន្ត្រីមានសមត្ថកិច្ចឲ្យចាត់វិធានការទៅលើបុរសនេះតាមផ្លូវច្បាប់ប្រសិនបើបុរសនេះមិនបញ្ឈប់សកម្មភាពរំខានដល់អារម្មណ៍របស់នាង។
បេប៊ីបញ្ជាក់ថា មួយរយៈចុងក្រោយនេះមានបុរសម្នាក់ដែលលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានព្យាយាមរំខាន តាមដាននាងស្ទើគ្រប់ជំហានពិសេសគ្រាដែលនាងចេញទៅធ្វើការងារសិល្បៈ។ ពិធីការិនីទូរទស្សន៍My TV រូបនេះបញ្ជាក់ ថា គណនីយហ្វេសប៊ុកមួយមានឈ្មោះ “បេះដូងក្ររហាម”ដែលបានព្យាយាមតាមស៊ើបរាល់ សកម្មភាពនាងទៅណាមកណា សម្តែងនៅទីណា ហើយចូលមករិះគន់ឲ្យនាងទាំងសម្តីមិនសមគួរម្តងហើយម្តងទៀតមិនឈប់ឈរ ខណៈដែលនាងមិនដែលបានស្គាល់បុរសនោះពីមុនមកសោះ។ នាង ថា បុរសនោះទំនងជាមានជំងឺរោគចិត្ត ហើយបានជាតាមរំខាននាងមិនឈប់បូក រួមទាំងការ Comment ពាក្យអសុរស និង ការព្យាយាមChat មកនាងជាដើម។ នាងថាមិនចង់ឲ្យអ្នកគាំទ្រមួយចំនួនយល់ ច្រឡំមកលើនាងពិសេសទាក់ទងនឹងការប្រើប្រាស់ពាក្យពេជ្រលើហ្វេសប៊ុកទើបនឹងកាត់បន្ថយការលេងបណ្តាញទំនាក់ ទំនងសង្គមមួយនេះ។ អ្វីដែលនាងកាន់តែព្រួយបារម្ភគឺបុរសនេះធ្លាប់ព្យាយាមសាកសួរប្រវត្តិ និងតាមដាននាងយ៉ាងកៀកកិតដែលសូម្បីតែការចេញចូលទៅសម្តែងទៅធ្វើជាការងារជាពិធីការិនីក៏ត្រូវបុរសនេះតាមរកដែរ ហើយបុរសនេះក៏ព្យាយាមស្វែងរកលេខទូរស័ព្ទទំនាក់ទំនងមកនាងផងដែរ។ នាងគ្រោងនឹងស្នើឲ្យមានការអន្តរាគមពីសំណាក់មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធដើម្បីស្វែងរកបុរសនោះមកធ្វើការណែនាំអប់រំ ។
នាង បញ្ជាក់ថា នឹងសម្រាកពីការលេងបណ្តាញទំនាក់ទំនងសង្គមមួយរយៈពេលដើម្បីកុំ ឲ្យមានបញ្ហាវែងឆ្ងាយបន្តទៀត៕ វឌ្ឍនា