ព័ត៌មានទាន់ហេតុការណ៍៖

បង្ហោះរូបភាពក្មេងស្រីអាក្រាតកាយតាម Facebook គំរាមទារប្រាក់នគរបាលទើបចាប់ខ្លួនបាន

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ឈ្មោះ សាន សុងហៀង ហៅ ហៀង ប្រភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដត្រូវបានកម្លាំងនគរបាល នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិឃាត់ខ្លួនកាលពីថ្ងៃទី១៨ខែសីហាឆ្នាំ២០១៦ ពីបទបង្ហោះរូបភាពអាអាភាសរបស់ក្មេងស្រី តាមបណ្តាញសង្គម Facebook និងគំរាមទារប្រាក់ ស្ថិតនៅហាង Internet មួយកន្លែងនៅផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

យោងតាមមន្ត្រីនគរបាលនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ជនសង្ស័យរូបនេះជាមនុស្សចូលចិត្តចំណាយពេល ប្រើប្រាស់បណ្តាញសង្គម Facebook ហើយគេបានបង្កើតគណនីចំនួន ១១គណនី ក្នុងនោះបង្កើតផ្ទាល់ខ្លួនចំនួន៥ និងគណនី៦ទៀត គឺលួចយកលេខសម្ងាត់អ្នកដទៃ មកធ្វើកម្មសិទ្ធិរបស់ខ្លួនហើយការប្រើប្រាស់ Facebook នេះ ជនសង្ស័យពុំបានដាក់រូបផ្ទាល់ខ្លួនទេ គឺបានប្រើប្រាស់រូបថតអ្នកដទៃ មកក្លែងបន្លំជារបស់ខ្លួន ដើម្បីទាក់ទាញចំណាប់អារម្មណ៍មិត្តភក្តិលើ Facebook ពិសេសក្មេងស្រីៗ។

សមត្ថកិច្ចបញ្ជាក់ទៀតថា នៅពាក់កណ្តាលឆ្នាំ២០១២ ជនសង្ស័យបានស្គាល់កុមារីរងគ្រោះ ឈ្មោះ ឆ ម អាយុ១៤ឆ្នាំ លើ Facebook ហើយបានស្រឡាញ់គ្នា ក្រោយពីស្គាល់គ្នាបានមួយរយៈពេល។ បន្ទាប់ពីស្គាល់គ្នាប្រមាណកន្លះឆ្នាំ គឺកំឡុងឆ្នាំ២០១៣ ជនសង្ស័យបានលួងលោម កុមារីរងគ្រោះឲ្យផ្ញើរូបភាព និងវីដេអូអាក្រាត មកឲ្យខ្លួនមើលពេលនោះ កុមារីរងគ្រោះក៏ព្រមផ្ញើរូបភាព និងវីដេអូមួយចំនួន ឲ្យជនសង្ស័យ។ ក្រោយមកឆ្នាំ២០១៤ ជនសង្ស័យដឹងថា កុមារីរងគ្រោះលួចមានសង្សារថ្មី ដូច្នេះធ្វើឲ្យគេខឹងសម្បាខ្លាំងក៏បានបង្ហោះរូបភាពអាក្រាត របស់កុមារីរងគ្រោះលើបណ្តាញ Facebook ជាថ្នូរនឹងការលុបរូបភាពអាក្រាត ដោយគេតម្រូវឲ្យកុមារីផ្ទេរប្រាក់ឲ្យខ្លួន តាម wing ឬ True Money។

សមត្ថកិច្ចបន្តថាក្រោយមកទៀត ជនសង្ស័យបានបន្តបង្ហោះរូបភាពអាក្រាតក្មេងស្រី ប្រមាណ៣-៤ដង លុះត្រាក្មេងស្រីវេរប្រាក់ឲ្យគេ។នៅអំឡុងខែមិថុនា ឆ្នាំ២០១៥ រហូតដល់ថ្ងៃឃាត់ខ្លួន ជនសង្ស័យបានទទួលប្រាក់ ចំនួនប្រហែល១៥ដង ដោយម្តងៗពី១០ទៅ២០ដុល្លារ។

លុះដល់ថ្ងៃចុងក្រោយ គឺថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ជនសង្ស័យមកទទួលប្រាក់ ពីកុមារីរងគ្រោះជាបន្តបន្ទាប់ទើបសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ រហូតដល់កំណត់មុខសញ្ញា និងធ្វើការឃាត់ខ្លួននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦តែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថាខ្លួនគេពិតជាបានប្រព្រឹត្តអំពើពុំគាប្បីដូចការចោទប្រកាន់នេះមែន។

បច្ចុប្បន្ននគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យរូបនេះទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ ប្រាថ្នា

e3


ចែករំលែក៖