ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារក្នុងរយៈពេល ១ឆ្នាំ៣ខែ កន្លងទៅនេះរបស់ក្រសួងរ៉ែ ខណៈវិស័យរ៉ែ បានការកាត់បន្ថយការិយាធិបតេយ្យដើម្បីសម្រួលដល់ការផ្តល់សេវា និងគាំទ្រវិស័យឯកជន និងវិភាគទានរបស់វិស័យរជូនរដ្ឋ ដោយក្រសួងបានកាត់បន្ថយភាពសាំញ៉ាំ និងបង្កើតទីលានប្រកួតប្រជែងមួយដែលមានលក្ខណៈស្មើភាពដោយយកច្បាប់ និងគោលការណ៍ជាគោល និងការអនុវត្តការងារជាមួយវិស័យឯកជន។
-សម្ដេចធិបតី ថ្លែងកោតសរសើរ ការងារក្រសួងរ៉ែ និងថាមពលរយៈពេលជាងមួយឆ្នាំកន្លងទៅនេះ គឺបានជួយឱ្យវិស័យថ្មអាររបស់កម្ពុជាមានការងើបឡើងវិញរហូតមានសម្ទុះកើងឡើងដល់ជាង៤%។ ខណៈសម្ដេចធិបតីបានផ្ដល់ការគាំទ្រ ក្នុងការកែទម្រង់វិស័យថ្មអារ និងខ្សាច់នាំចេញ ដែលជាចលករមួយដ៏សំខាន់សម្រាប់ជោគជ័យខាងលើនេះផងដែរ។
– សម្ដេចធិបតី ថ្លែងបញ្ជាក់ថា នៅពេលដែលសម្ដេចចូលនិវត្ត សម្ដេចអាចនឹងសរសេរសៀវភៅ ពាក់ព័ន្ធនឹងការចូលរួមដោះស្រាយលើបញ្ហាវិស័យថ្មអារនៅកម្ពុជាក្នុងពេលសម្ដេចកាន់តំណែងជានាយករដ្ឋមន្រ្ដីនេះ ខណៈរយៈពេលជាង១ឆ្នាំនេះ វិស័យថ្មអារបានទទួលជោគជ័យជាគំរូមួយទៅដល់វិស័យផ្សេងទៀតដែរ។
-សម្តេចធិបតី ថ្លែងថា ក្រោយប៊ិះរលំពីទីផ្សានាពេលនេះអាជីវកម្មថ្មអារបានកើនឡើងវិញរហូតដល់៤ដង ការកើនឡើងវិញនេះបន្ទាប់ពីសម្តេចបានសម្រេចឲ្យមានការលើកលែងពន្ធអាករ។
-សម្ដេចធិបតី បានសម្រេចលុបអាជ្ញាបណ្ណអាជីវកម្មរុករករ៉ែថ្មកំបោរនៅក្នុងខេត្តកំពត ដោយរក្សាទីតាំងនោះជាតំបន់បេតិកភណ្ឌវប្បធម៌ និងអេកូទេសចរណ៍វិញ។
-សម្ដេចធិបតី ប្រកាសលើកទឹកចិត្តដល់ក្រសួងរ៉ែ បន្តរៀបចំសិក្សា កសាងផែនទី ស្ដីពីការអភិវឌ្ឍវិស័យ និងជំរុញការកំណត់ការរៀបចំ Zoning ជាថ្មី ដោយមានការផ្តល់ធាតុចូលពីអាជ្ញាធរមូលដ្ឋាន មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន និងមន្ទីរធម្មការ និងសាសនា នៃបណ្តារាជធានី-ខេត្តឱ្យបានច្បាស់លាស់។
-សម្តេចធិបតី បានដាក់បទបញ្ជាឲ្យក្រសួងរ៉ែ និងថាមពល ចាប់ពីពេលនេះតទៅត្រូវបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនរុករករ៉ែនៅតំបន់វប្បធម៌ និងតំបន់បេតិកភ័ណ្ឌ និងត្រូវបញ្ឈប់ ទប់ស្កាត់ជាបន្ទាន់នូវអាជីវកម្មរ៉ែអណាធិបតេយ្យជាដើម។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា ដាច់ខាតសម្ដេចនឹងមិនចេញអាជ្ញាបណ្ណរុករករ៉ែនៅតំបន់ព្រៃឡង់នោះទេ ដូច្នេះបញ្ឈប់រុញការស្នើសុំមកសម្ដេចទៀត។
-សម្ដេចធិបតី បានសម្រេចមិនអនុញ្ញាតឱ្យមានការចេញអាជ្ញាបណ្ណថ្មី ដើម្បីរុករករ៉ែនៅតំបន់ព្រៃឡង់ទៀតនោះទេ។
-សម្តេចធិបតី បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យអគ្គបញ្ជាការកងទ័ព អគ្គស្នងការនគរបាលជាតិគប្បីត្រូវត្រួតពិនិត្យឲ្យបានច្បាស់លាស់ចំពោះគ្រឿងបំផ្ទុះថ្មនៅតាមបណ្តាក្រុមហ៊ុននានា ដោយត្រូវធ្វើទប់ស្កាត់ឲ្យបានដាច់ខាត ខណៈគ្រាប់រំសេវបំផ្ទុះថ្មនេះអាចនឹងនាំឲ្យប៉ះពាល់ដល់សន្តិសុខសង្គម។
-សម្ដេចធិបតី បានណែនាំឱ្យរដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល និងរដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវពិនិត្យមើលការរៀបចំផ្គត់ផ្គង់ហ្គាសនៅតាមបណ្ដាអាគារខ្ពស់ៗ ដើម្បីបញ្ចៀសហានិភ័យកើតមានឡើងជាយថាហេតុ ខណៈនៅបណ្ដាប្រទេសអភិវឌ្ឍមួយចំនួនបានកើតមានករណីនេះរួចហើយ។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ទៅកាន់អ្នកនយោបាយមួយចំនួនកុំយករឿងនយោបាយទៅភ្ជាប់ជាមួយរឿងបច្ចេកទេស ប៉ុន្ដែត្រូវធ្វើនយោបាយដោយគិតគូទៅលើផលប្រយោជន៍ជាតិជាធំ កុំយករឿងព្រំដែនទៅធ្វើល្បែងនយោបាយរបស់ខ្លួន។
-សម្ដេចធិបតី បានបញ្ជាឱ្យមានការសិក្សានីតិវិធី និងវិធាននានា ដើម្បីគ្រប់គ្រងសុវត្ថិភាពនៅតាមអគារទំនើបៗ ដែលបំពាក់ដោយបំពង់ឧស្ម័ន(ហ្គាស)ប្រើរួមគ្នាគ្រប់បន្ទប់នៅក្នុងអគារទាំងមូល ដើម្បីបញ្ចៀសមហន្តរាយណាមួយ ដែលកើតមានពីការលេចធ្លាយឧស្ម័នហ្គាស ឬ បច្ចេកទេសជួសជុល តភ្ជាប់បំពង់។
-សម្ដេចធិបតី បានស្នើដល់ប្រទេសជាមិត្ត ជាពិសេសប្រទេសដែលគាំទ្រប្រជាធិបតេយ្យស្របដោយច្បាប់ ជួយប្រាប់ទៅបុគ្គលមួយចំនួនតូច ដែលតែងនិយាយបំផ្លើសការពិត ចង់បង្កចលាចលនៅកម្ពុជា សូមកុំឱ្យធ្វើអ្វីដែលខុសច្បាប់ ដែលបង្កផលប៉ះពាល់ដល់ ស្ថិរភាព សុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា សម្ដេចបានបញ្ឈប់ការផ្ដល់អាជ្ញាបណ្ណក្រុមហ៊ុនផលិតស្រាបៀរនៅកម្ពុជាទៀតហើយ ប៉ុន្ដែបើបើកសម្រាប់ការនាំចេញនោះអាចផ្ដល់ឱ្យ។
-សម្ដេចធិបតី ណែនាំក្រសួងរ៉ែ និងថាមពល បន្តទាក់ទាញក្រុមហ៊ុនចម្រាញ់ប្រេងកាតនៅកម្ពុជា។
-សម្ដេចធិបតី ប្រកាសគាំទ្រក្រសួងរ៉ែ និងថាមពលរៀបចំដើម្បីចរចាជាមួយភាគីពាក់ព័ន្ធក្នុងការស្វែងរុករក និងធ្វើអាជីវកម្មប្រេង និងឧស្ម័នទាំងក្នុង និងក្រៅតំបន់ទាមទារដែនសមុទ្រត្រួតគ្នា (OCA) ប៉ុន្ដែសម្ដេចបានណែនាំឱ្យធ្វើការសិក្សាឱ្យបានច្បាស់លាស់លើរឿងនេះ។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសឱ្យដឹងថា សម្ដេចសម្រេចលែងចេញអាជ្ញាបណ្ណឱ្យបើករោងចក្រផលិតស្រាបៀរថ្មីទៀតនោះឡើយ ដោយសារយើងមានរោងចក្រផលិតស្រាបៀរចំនួន ៧ រួចហើយ សម្រាប់បម្រើអតិថិជននៅទូទាំងប្រទេស។ សម្ដេចបញ្ជាក់បន្ថែមថា បើករណីសុំអាជ្ញាបណ្ណបើករោងចក្រផលិតស្រាបៀរ ដើម្បីនាំចេញ, នោះសម្ដេចនឹងអនុញ្ញាតឱ្យចេញអាជ្ញាបណ្ណឱ្យ៕
ដោយ៖ តារា