ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យចំនួន១០នាក់បង្កហិង្សាដោយចេតនាបណ្តាលអោយស្លាប់ម្នាក់និងរងរបួសជាច្រើននាក់ ទៅកាន់តុលាការ

ចែករំលែក៖

    ភ្នំពេញ៖ ក្រុមក្មេងស្ទាវចំនួន១០នាក់ រហស្សនាមធីម ដើមពោធិ៍ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីដេញកាប់ជនរងគ្រោះបណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួសជាច្រើននាក់ ។

    សូមរំលឹកថា ជនសង្ស័យចំនួន១០នាក់ដែលបង្កហិង្សាដោយចេតនាកាប់ទៅលើជនរងគ្រោះបណ្ដាលឱ្យដួលបោកក្បាលស្លាប់ម្នាក់និងរងរបួសជាច្រើននាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់នឹងបង្ហាញមុខជាសាធារណៈកាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ ២០២៤។  

    លោកវរសេនីយ៍ឯក ម៉ម សាវន ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៤និង៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាលស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យក្នុងបទល្មើសជាក់ស្តែងចំនួន១០នាក់ ជាប្រភេទក្មេងទំនើង ឈ្មោះក្រុមដើមពោធិ៍ (DP) នៅចំណុចមុខផ្ទះលក់ចាប់ហួយ ភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយពាក់ព័ន្ធប្រព្រឹត្ត បទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដាវចំនួន០២ដើម ព្រួតគ្នាកាប់ជនរងគ្រោះឲ្យរងរបួស) ចំនួន ០៣ ករណី ។ 

    ករណីទី១ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ (ព្រួតគ្នាយកដាវ ចំនួន០២ដើមកាប់ត្រូវជនរងគ្រោះរងរបួស ហើយជនរងគ្រោះបានបើកម៉ូតូរត់គេចខ្លួនទៅបុកបង្គោលភ្លើងបណ្តាលអោយស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ) ។

   អំពើហិង្សានេះបានកើតឡើងនៅចំណុចផ្លូវបេតុង ភូមិចំការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ជនរងគ្រោះដែលបានស្លាប់ឈ្មោះ ណារិទ្ធ តូណា ភេទ ប្រុសអាយុ១៧ឆ្នាំ មុខរបរកម្មករលក់ទាខ្វៃ មានទីលំនៅភូមិចំការត្បែង សង្កាត់សំរោងក្រោម និងអ្នករងរបួសឈ្មោះស៊ាប ជីវ័ន្ត ភេទប្រុស អាយុ១៧ ឆ្នាំ ។

    ករណីទី២ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយព្រួតគ្នាយកដាវចំនួន០២ដើមនិងមួកសុវត្ថិភាព កាប់និងវាយលើយុវជនម្នាក់រងរបួសចំកំភួនដៃខាងស្តាំនៅចំណុចស្ថានីយប្រេងឥន្ធនៈ តេលា ផ្លូវលេខ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ និងករណីទី៣ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសដោយយកដាវចំនួន០២ដើម ដេញកាប់ជនរងគ្រោះរងរបួស និងកាប់បំផ្លាញម៉ូតូបណ្តាលឲ្យរងការខូចខាត ចំនួន០២គ្រឿងកាលពីយប់រំលងអធ្រាត្រថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងសង្កាត់ចោមចៅទី៣។ 

  លោកវរសេនីយ៍ឯក ម៉ម សាវន បានឱ្យដឹងទៀតថា បន្ទាប់ពីមានអំពើហិង្សាដោយកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសនិងជិះទៅបុកបង្គោលភ្លើងដួលស្លាប់ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានសហការជាមួយនគរបាលនៅតាមបណ្តាខណ្ឌទាំង១៤បានធ្វើការស្រាវជ្រាវហើយឈានទៅស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់។ នៅក្នុងការឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ កាំបិតប៉័ងតោចំនួន០១, ម៉ូតូដែលជិះធ្វើសកម្មភាពចំនួន២គ្រឿង ។

    បច្ចុប្បន្នជនសង្ស័យជាក្រុមក្មេងស្ទាវទាំងនេះកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖