ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ មុនពិធីបើកមហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ី លើកទី១២ – 12th General Assembly of ICAPP (International Conference of Asian Political Parties ) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានមហាសន្និបាត ICAPP លើកទី១២ បានទទួលជួបសម្ដែងការគួរសមជាមួយបណ្ដាគណៈប្រតិភូ ICAPP ដែលបានអញ្ជើញមកចូលរួមក្នុងមហាសន្និបាត ICAPP លើកទី១២ នៅព្រះរាជាណាចក្រកម្ពុជា ដែលជំនួបនេះត្រូវបានធ្វើឡើងនៅ វិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។
ជំនួបសម្តែងការគួរសមនេះ គណៈអចិន្ត្រៃយ៍ ICAPP មាន ២៦ រូប មកពី ២២ ប្រទេស ដឹកនាំដោយ ឯកឧត្តម Chung Eui-yong ប្រធានគណៈអចិន្ត្រៃយ៍ ICAPP ចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ និងសម្តេចធិបតី រួមជាមួយអនុប្រធានគណបក្ស និងសមាជិកគណៈអចិន្ត្រៃយ៍។
សម្តេចតេជោ ស្វាគមន៍ គណៈប្រតិភូ ICAPP ដឹកនាំដោយ ឯកឧត្តម Chung Eui-yong ប្រធានគណៈអចិន្ត្រៃយ៍ ICAPP និងលើកឡើងដោយសង្ខេប ពីការវិវត្តនៃស្ថានភាពនយោបាយនិងសេដ្ឋកិច្ច កម្ពុជា ក្នុងរយៈពេល៤៥ឆ្នាំចុងក្រោយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដោយបានប្រែក្លាយពីប្រទេសអស្ថិរភាព និង មានសង្គ្រាម ស៊ីវិល ទៅជាប្រទេសដែលមានសុខសន្តិភាព និង ស្ថិរភាព ពីប្រទេសរងការបំផ្លិចបំផ្លាញគ្រប់វិស័យ មកជាប្រទេសដែលមានការអភិវឌ្ឍគ្រប់វិស័យនាពេលបច្ចុប្បន្ន ។ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ជាង៧% អស់រយៈពេលជាង២ទសវត្ស រាជរដ្ឋាភិបាល បានកំណត់យកឆ្នាំ២០២៧ ជាឆ្នាំនៃការចាកចេញ ពីលក្ខន្តិកៈប្រទេសអភិវឌ្ឍន៍តិចតួច និងក្លាយជាប្រទេសចំណូលមធ្យម ក៏ប៉ុន្តែ ដោយសារជំងឺកូវីដ ការចាកចេញនេះ ត្រូវបានពន្យាទៅឆ្នាំ២០២៩។ ជាមួយគ្នានេះដែរ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចធិបតី នាយករដ្ឋមន្ត្រី សម្តេចតេជោ មានសុទិដ្ឋិនិយមថា កម្ពុជា នឹងសម្រេចចក្ខុវិស័យជាប្រទេសចំណូមមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ដោយធ្លាក់ក្នុងអន្ទាក់នៃប្រទេសចំណូលមធ្យម ។
ថ្នាក់ដឹកនាំ ICAPP បានវាយតម្លៃខ្ពស់ពីការអភិវឌ្ឍឆាប់រហ័សគ្រប់វិស័យរបស់កម្ពុជា ជាពិសេស ជាប្រទេសដែលងើបពីសង្រ្គាមហែកហួរ និងបែកបាក់ និងកោតសរសើរពីការដឹកនាំរបស់ សម្តេចតេជោ ដែលនាំប្រទេសទៅកាន់សន្តិភាព ស្ថិរភាពនយោបាយ និងអភិវឌ្ឍ និងកោតសរសើរពីសមត្ថភាពដឹកនាំរបស់ សម្តេចធិបតី ក្នុងការបន្តវេនពីថ្នាក់ដឹកនាំជំនាន់មុន។ ថ្នាក់ដឹកនាំបានរំលឹកឡើងពីការរីកចម្រើននៃអង្គការ ICAPP ក្លាយជាក្រុមគណបក្សដែលធំជាងគេនៅអាស៊ី ។ ថ្នាក់ដឹកនាំ បានវាយតម្លៃខ្ពស់ពីការចូលរួមរបស់គណបក្សទាំងអស់ ធ្វើឲ្យ ICAPP ក្លាយជាស្ថាប័នដ៏មានឥទ្ធិពលមួយ។
ថ្នាក់ដឹកនាំបានរំលឹកពីភាពជោគជ័យនៃមហាសន្និបាត ICAPP លើកទី៦ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០១០។ ប្រធាន និងសហប្រធាន គណៈអចិន្រ្តៃយ៍ ICAPP បានជូនពរ ឲ្យគណបក្សប្រជាជនកម្ពុជា (CPP) ទទួលជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះលើកទី២ នៃមហាសន្និបាតជាប្រវត្តិសាស្រ្តនេះ៕
ដោយ ៖ សិលា