ព័ត៌មានទាន់ហេតុការណ៍៖

តោះ! អ្នកបើកបរនៅលើផ្លូវទឹក​ សូមចូលរួមគោរពច្បាប់ស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីសុវត្ថិភាពនាវាចរណ៍

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ​ បានអំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជាអ្នក​បេីកបរលេីកផ្លូវទឹកចូលរួមគោរពច្បាប់ស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីសុវត្ថិភាពនាវាចរណ៍។ 

ក្រសួង​សាធារណការ​ បានបញ្ជាក់ថា​ យោងតាមច្បាប់ ស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹកមាត្រា២៥៨ បានចែងថា ៖ជនណាដែលបានធ្វើនាវាចរណ៍ដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពតាមបទប្បញ្ញត្តិ ស្តីពីនាវាចរណ៍តម្រូវ បណ្តាលឱ្យមានរងរបួសដល់អ្នកដទៃ ហើយបណ្តាលឱ្យអ្នករងគ្រោះអសមត្ថភាពធ្វើការងារក្នុងរយៈពេលស្មើ ឬលើសពី៨(ប្រាំបី)ថ្ងៃ គិតពីថ្ងៃកើតហេតុ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ (ប្រាំមួយ) ខែ ទៅ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី២ ០០០ ០០០ (ពីរលាន) រៀល ទៅ៨ ០០០ ០០០ (ប្រាំបីលាន) រៀល។

គួររម្លឹកដែរថា​ កាលពីខែវិច្ឆិកានាពេលថ្មីៗនេះ​ ក្រសួង​សាធារណការ​ ក៏បានលើកឡើងថា៖​ មិនត្រូវរារាំង ឬប្រើប្រាស់មធ្យោបាយណាមួយជាឧបសគ្គដល់នាវាចរណ៍នៅតាមផ្លូវទឹក។ 

យោងតាមច្បាប់ ស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹក មាត្រា២៦៤ បានចែងថា ជនណាដែលបានរារាំង ឬប្រើប្រាស់មធ្យោបាយណាមួយ ដើម្បីជាឧបសគ្គដល់នាវាចរណ៍នៅតាមផ្លូវទឹក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ (ប្រាំមួយ)ខែ ទៅ២ (ពីរ)ឆ្នាំ និងពិន័យជាប្រាក់ពី២ ០០០ ០០០ (ពីរលាន) រៀល ទៅ៨ ០០០ ០០០ (ប្រាំបីលាន) រៀល៕

ដោយ​៖ តារា​


ចែករំលែក៖