ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូសាកលវិទ្យាល័យបូណាម៉ារី ដឹកនាំដោយលោកបណ្ឌិត សេង បូណា ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យបូណាម៉ារី និងមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។
លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ៖ បន្ទាប់ពីស្តាប់នូវការរាយការណ៍របស់លោកបណ្ឌិត ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យរួចមក ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់សាកលវិទ្យាល័យដែលបានរៀបចំកម្មវិធីសិក្សាដ៏សម្បូរបែបដោយផ្សារភ្ជាប់ជាមួយការអនុវត្តជាក់ស្តែងក្នុងភាពជាដៃគូជាមួយ ក្រុមហ៊ុនសហគ្រាសនានា ឆ្លើយតបនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងមានលក្ខណៈអំណោយផលដល់សិស្សនិស្សិតដែលផ្តល់ជាជម្រើសរៀនដោយផ្ទាល់នៅសាលា ឬរៀនតាមអនឡាញ។ តាមរយៈជំនួបនេះផងដែរ សាកលវិទ្យាល័យបូណាម៉ារី (BMU) បានឧបត្ថម្ភឧបករណ៍ចម្រោះទឹកស្អាតចំនួន ៤២គ្រឿង សម្រាប់បំពាក់ជូនលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សប្រើប្រាស់នៅតាមវិទ្យាល័យនៅក្នុងរាជធានីភ្នំពេញ និងតំបន់ដាច់ស្រយាល (១គ្រឿង/វិទ្យាល័យ) ដើម្បីរួមចំណែកក្នុងការថែរក្សាសុខភាព និងបរិស្ថានសាលាស្អាត ក៏ដូចជាបានផ្តល់អាហារូបករណ៍១០០% ចំនួន ៤០កន្លែង ដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្តល់ជូនដល់សិស្សនិស្សិតដែលខ្វះខាតឱ្យមានលទ្ធភាពបន្តការសិក្សាថ្នាក់ឧត្តមសិក្សាបន្ត។
បន្ថែមពីនេះ សូមបន្តពង្រឹងគុណភាពអប់រំ ក៏ដូចជាគុណវុឌ្ឍិសាស្រ្តាចារ្យក្នុងការបង្រៀនដោយផ្តោតសំខាន់លើ Outcome Based Education(OBE) ជាពិសេស សៀវភៅ ឯកសារ និងមុខវិជ្ជាសិក្សាត្រូវឆ្លើយតបនឹងទីផ្សារការងារជាក់ស្តែង ត្រូវបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យនានាបន្ថែមទៀត ជាពិសេសសាកលវិទ្យាល័យក្រៅប្រទេស និងបានលើកទឹកចិត្តឱ្យបង្កើតជាថ្នាក់បង្រៀនត្រៀមបំប៉នភាសាអង់គ្លេសដល់សិស្ស-និស្សិតដែលសមត្ថភាពភាសានៅមានកម្រិត ដើម្បីអាចឈានទៅចូលរៀនវគ្គសិក្សា និងចូលរួមកម្មវិធីចុះកម្មសិក្សាដែលសាលាផ្តល់ជូន។
លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សារជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ខ្ញុំសូមថ្លែងអំណរគុណដល់សាកលវិទ្យាល័យបូណាម៉ារីចំពោះសមិទ្ធផលនានា ជាពិសេសសម្រាប់ការឧបត្ថម្ភនាពេលនេះ និងបានជឿជាក់ថា សាកលវិទ្យាល័យនេះនឹងបន្តអភិវឌ្ឍសមត្ថភាព និងវិសាលភាពរបស់ខ្លួនប្រែក្លាយជាសាកលវិទ្យាល័យធនធានមួយនៅកម្ពុជាឆ្លើយតបនឹងចក្ខុវិស័យអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាល៕
ដោយ ៖ សិលា