ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីបណ្តោះអាសន្ននៃប្រទេសស៊ីរីបានសន្យាកសាងប្រទេសឡើងវិញ និងស្វាគមន៍ជនភៀសខ្លួនត្រឡប់មកវិញ

ចែករំលែក៖

នាយករដ្ឋមន្ត្រីបណ្តោះអាសន្នរបស់ប្រទេសស៊ីរីដែលទើបឡើងកាន់អំណាចបន្ទាប់ពីប្រធានាធិបតីត្រូវបានផ្ដួលរំលំនោះ បានកំណត់គោលដៅសំខាន់ក្នុងការបញ្ជូនជនភៀសខ្លួនស៊ីរីរាប់លាននាក់ត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ ការពារប្រជាពលរដ្ឋទាំងអស់ និងផ្តល់សេវាមូលដ្ឋាន។ ទោះជាយ៉ាងណាក៏ដោយ លោកក៏បានទទួលស្គាល់ថា កិច្ចការនេះនឹងមានការលំបាកខ្លាំង ដោយសារតែហិរញ្ញវត្ថុរបស់ប្រទេសស្ថិតក្នុងស្ថានភាពមិនល្អ ដោយមានការខ្វះខាតរូបិយបណ្ណបរទេសយ៉ាងធ្ងន់ធ្ងរ។នៅក្នុងបទសម្ភាសន៍មួយ នាយករដ្ឋមន្ត្រីបណ្តោះអាសន្នស៊ីរី លោក Mohamed al-Bashir បាននិយាយថា “រតនាគារជាតិបច្ចុប្បន្នមានតែប្រាក់ផោនរបស់ស៊ីរីប៉ុណ្ណោះ ដែលមានតម្លៃស្ទើរតែគ្មានតម្លៃ ដោយមួយដុល្លារអាចប្តូរបានរហូតដល់ 35,000 កាក់ស៊ីរី” ហើយសម្រាប់កម្ចីឬមូលបត្របំណុល យើងនៅតែប្រមូលទិន្នន័យ ដូច្នេះស្ថានភាពហិរញ្ញវត្ថុរបស់យើងមានការលំបាកខ្លាំងណាស់»។
នៅក្នុងសុន្ទរកថាមួយតាមទូរទស្សន៍រដ្ឋ លោក Bashir បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលបណ្តោះអាសន្នក្នុងការកសាងប្រទេសស៊ីរីឡើងវិញ ទោះបីជាប្រទេសនេះប្រឈមមុខនឹងកិច្ចការដ៏ធំសម្បើមមួយគឺការកសាងទីក្រុងដែលត្រូវបានបំផ្លិចបំផ្លាញឡើងវិញ ស្តារសេដ្ឋកិច្ចឡើងវិញ និងដោះស្រាយបញ្ហាចំណាកស្រុករបស់ជនភៀសខ្លួនរាប់លាននាក់។
លោក Bashir ដែលគ្រប់គ្រងរដ្ឋាភិបាលសង្រ្គោះដែលដឹកនាំដោយពួកឧទ្ទាមនៅក្នុងរង្វង់តូចមួយនៅភាគពាយ័ព្យប្រទេសស៊ីរីបាននិយាយថាលោកនឹងកាន់កាប់រដ្ឋាភិបាលរហូតដល់ថ្ងៃទី 1 ខែមីនា។ មន្ត្រីសហរដ្ឋអាមេរិក ខណៈពេលដែលកំពុងទំនាក់ទំនងជាមួយក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) បានអំពាវនាវឱ្យក្រុមទាំងនេះកុំប្រញាប់ប្រញាល់ទទួលយកការដឹកនាំ ប៉ុន្តែផ្ទុយទៅវិញត្រូវមានដំណើរការរួមបញ្ចូលដើម្បីបង្កើតរដ្ឋាភិបាលអន្តរកាល។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលថ្មីចាំបាច់ត្រូវគោរពសិទ្ធិជនជាតិភាគតិច ផ្តល់ជំនួយមនុស្សធម៌ដល់ជនដែលត្រូវការជំនួយ និងការពារប្រទេសស៊ីរីពីការក្លាយជាមូលដ្ឋានសម្រាប់ក្រុមភេរវករ។ HTS ដែលជាអតីតសាខារបស់ក្រុមអាល់កៃដា នាពេលថ្មីៗនេះបានបន្ទន់ឥរិយាបទនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន។
បន្ទាប់ពីសង្គ្រាមស៊ីវិលដ៏យូរមកហើយ ប្រទេសស៊ីរីបានរងការខាតបង់យ៉ាងខ្លាំង ដោយមានមនុស្សរាប់សែននាក់បានស្លាប់ ទីក្រុងត្រូវបានបំផ្លាញទាំងស្រុង ហើយសេដ្ឋកិច្ចត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។ ប្រទេសជាច្រើននៅអឺរ៉ុបបានបញ្ឈប់ការទទួលយកពាក្យសុំសិទ្ធិជ្រកកោនពីជនជាតិស៊ីរីជាបណ្ដោះអាសន្ន ខណៈដែលជនភៀសខ្លួនមួយចំនួនមកពី Türkiye និងប្រទេសផ្សេងទៀតបានចាប់ផ្តើមត្រឡប់ទៅប្រទេសស៊ីរីវិញ៕ ដោយ៖ ធីរីណា

រូបថត​៖ congluan


ចែករំលែក៖