ព័ត៌មានទាន់ហេតុការណ៍៖

រឿង៖ ស្នាមដំបៅ (ត)

ចែករំលែក៖

បន្តិចក្រោយមកប្រធានភូមិឲ្យឈ្លបភូមិម្នាក់មកសួររក សីហា ព្រោះមិនឃើញវត្តមានសីហាទៅទីស្នាក់ការភូមិតាមការប្រាប់។ ខ្ញុំក៏ដូចជាកងចល័តខ្លះទៀតដែលបានដឹងពីការសម្លាប់មនុស្សកាលពីយប់កន្លងទៅនេះ នឹកក្នុងចិត្តថា ប្រហែលជាសីហាបានដឹងរឿងនេះ ហើយកំពុងគេចខ្លួនទៅទីកន្លែងណាហើយមើលទៅ ព្រោះយើងឃើញសីហាប្រញាប់ប្រញាល់ចេញទៅបាត់មិនចូលទីស្នាក់ការភូមិយ៉ាងដូច្នេះគួរឱ្យរន្ធត់ចិត្តពន់ពេក។ ព្រឹកឡើងស្រាប់តែឃើញវត្តមាន សីហា ឈរចាំនៅខាងមុខផ្ទះ ហើយមករាយការណ៍ប្រាប់ប្រធានក្រុមរបស់គាត់ថា គាត់បានរកសំណាបដែលត្រូវរែកមកមិនឃើញទេ រួចបានសម្រេចចិត្តចិត្តដេកនៅភូមិកំពង់ស្វាយមួយយប់។ សីហាស្នើឱ្យអង្គការអភ័យទោស។ ចំណែកអង្គការភូមិដែលកំពុងតែខ្វល់ខ្វាយអំពីការបាត់ខ្លួនរបស់សីហាស្រាប់ផង ក្រោយពីបានទទួលដំណឹងនេះភ្លាម បានមកទទួលសីហាទៅមួយរំពេចហើយបញ្ជូនខ្លួនទៅបាត់។ ទិដ្ឋភាពនេះធ្វើឲ្យអ្នកផ្សេងទៀតមានភាពភ័យខ្លាចយ៉ាងខ្លាំង ដោយនឹកគិតថាបើសីហាដឹងរឿងសម្លាប់នេះច្បាស់លាស់ ហើយគេចខ្លួនចូលទៅក្នុងស្រុកបាភ្នំ ឬស្រុកកោះជ័យដែលមានព្រំប្រទល់ជាប់ភូមិកំពង់ស្វាយស្រាប់អាចមានឱកាសរស់ខ្លះ។ព័ត៌មានអំពីការដកហូតមនុស្សចេញពីភូមិ និងពីកងចល័តបានកើតមានឡើងអស់រយៈពេល ២ ថ្ងៃមកហើយ ប៉ុន្តែមិនទាន់មានការបាត់ខ្លួនសមាជិកណាម្នាក់នៅក្នុងក្រុមរបស់ខ្ញុំឡើយ។ យើងទាំងអស់គ្នាប្រឹងប្រែងធ្វើការងារដោយភាពស្ងាត់ស្ងៀមបំផុត យើងមិនអាចធ្វើអ្វីបានឡើយក្រៅពីរង់ចាំមើលមនុស្សផ្សេងទៀតដែលនឹងត្រូវអង្គការដកហូតចេញពីក្នុងក្រុម។ ប្រមាណជាម៉ោងជិត ៣រសៀល ពេលកងចល័តក្នុងក្រុមរបស់ខ្ញុំកំពុងតែដកសំណាបយ៉ាងស្ងាត់ស្ងៀមនៅក្បែរផ្លូវថ្នល់ពីមន្ទីរសន្តិសុខម្រេញមកកាន់ភូមិទ័ពសៀម មានឈ្មោះ អ៊ាន ដែលជាប្រធានរោងបាយទី ២ នៅភូមិក្រូចបានជិះកង់តាមផ្លូវជាប់នឹងទីសំណាបខ្ញុំ។ អ៊ាន បញ្ឈប់កង់បន្តិចហើយងាកមើលមកកងចល័តរួចបន្តដំណើរទៅទៀត។

   ប្រហែលជា ២០ នាទីក្រោយមកមានឈ្លបម្នាក់មកដល់ទីសំណាបដោយដៃទទេហើយសួររកឈ្មោះណាវី រួចប្រាប់នាងឲ្យទៅយកសម្ពាយអីវ៉ាន់ពីផ្ទះស្នាក់ ដើម្បីទៅតាមម្ដាយដែលកំពុងតែរង់ចាំនៅតាមផ្លូវខាងមុខ ព្រោះត្រូវធ្វើដំណើរទៅកាន់តំបន់ ២៥ ។អង្គការបានយកពាក្យបញ្ជូនទៅតំបន់ ២៥ នេះសម្រាប់បោកប្រាស់ប្រជាជនដែលត្រូវនាំទៅសម្លាប់។ពាក្យបោកប្រាស់នេះពុំបានធ្វើឲ្យអ្នកណាម្នាក់ជឿឡើយ តែក៏គ្មាននរណាម្នាក់មានជម្រើសអ្វីផ្សេងក្រៅតែពីដើរតាមពេជ្ឈឃាតទៅទីពិឃាតដែរ។

   នៅពេលឮឈ្មោះរបស់ ណាវីអ្នកដទៃទៀតដែលជាប្រជាជនថ្មីដែរនោះ រួមទាំងរូបខ្ញុំប្រឹងផ្ទៀងស្ដាប់ជាបន្ត ក្រែងមានឈ្មោះអ្នកផ្សេងទៀត។ នៅពេលនោះគឺមានតែឈ្មោះ ណាវី ម្នាក់តែប៉ុណ្ណោះ។ ប្រជាជនផ្សេងធូរក្នុងចិត្តបន្តិចតែចំពោះ ណាវី និងខ្ញុំវិញមានភាពរន្ធត់ចិត្តក្រៃលែង។ ណាវី ភ័យណាស់ដែលដឹងថាខ្លួនត្រូវអង្គការយកទៅសម្លាប់។ចំណែកឯខ្ញុំវិញអាណោចអាធ័មដល់ជីវិតរបស់មនុស្សដែលខ្លួនស្រឡាញ់ជាគូគ្រងទៅអនាគត។

   បន្ទាប់ពីឮកងឈ្លបហៅឈ្មោះភ្លាម ណាវី របូតសំណាបធ្លាក់ចេញពីដៃហើយងើបឈរឡើងទាំងភាពតក់ស្លុត។ ខ្ញុំបានងើបឈរសម្លឹងមកនាងទាំងបេះដូងញ័រចំប្រប់។ ខ្ញុំនឹងណាវីបានត្រឹមតែដៀងកន្ទុយភ្នែកដាក់គ្នាតែមួយភ្លែតប៉ុណ្ណោះ។បន្ទាប់មក ណាវី បានដើរចេញពីទីសំណាបតាមពីក្រោយអ្នកនាំសាររបស់ពេជ្ឈឃាត។ ចំណែកខ្ញុំនៅបន្តដកសំណាបតទៅទៀតទាំងបេះដូងខ្ទេចខ្ទាំ។ មួយសន្ទុះក្រោយមក ណាវី បានដើរត្រឡប់មកវិញពីខាងមុខ អ៊ាន ដែលកំពុងតែជិះកង់តិចៗមកតាមពីក្រោយឆ្ពោះទៅទីពិឃាត។ ក្នុងដំណើរឆ្ពោះទៅរកសេចក្តីស្លាប់ដៃរបស់ ណាវី កាន់ថង់អីវ៉ាន់តូចមួយនិងបបរមួយចាន ហើយណាវីបានក្រឡេកមើលមកខ្ញុំក្នុងទឹកមុខក្រៀមក្រំយ៉ាងខ្លាំង។ ពេលនោះខ្ញុំពិតជាមិនដឹងថា តើខ្ញុំអាចធ្វើអ្វីដើម្បីជួយដល់ ណាវី បាននោះទេក្រៅពីឈ្ងោកមុខចុះតាំងស្មារតីឲ្យនឹង ហើយធ្វើមិនដឹងមិនឮចំពោះហេតុការណ៍ដែលបានកើតឡើងនេះតែប៉ុណ្ណោះ។

   ក្នុងពេលនោះអង្គការកំពុងតែបើកយុទ្ធនាការប្រមូលប្រជាជនថ្មីដែលជាប់ខ្សែស្រឡាយជាមួយមន្ត្រីថ្នាក់ខ្ពស់ឬមន្ត្រីយោធារបស់របបលន់ នល់ទៅសម្លាប់ទាំងអស់។ ណាវី ត្រូវអង្គការចាត់ទុកក្នុងចំណោមគ្រួសារដែលមានជាប់ខ្សែស្រឡាយនេះដែរ។បន្ទាប់ពីកន្លងអស់រយៈពេលកន្លះខែដែល ណាវី បានស្លាប់ អ៊ាន បាននិយាយប្រាប់ទៅកងយុវជនដែលស្ថិតក្រោមការគ្រប់គ្រងរបស់គាត់ថា គាត់និងប្រធានក្រុមម្នាក់ទៀតបានរំលោភ ណាវី មុនពេលវាយសម្លាប់នឹងដំបង។

   ក្រោយមក អង្គការបានប្រាប់កងចល័តឲ្យបញ្ឈប់ការងារដកសំណាបពីរសៀលបន្តិចព្រោះកងចល័តត្រូវចាកចេញពីភូមិទ័ពសៀមទៅភូមិផ្សេងទៀត ប៉ុន្តែអង្គការមិនបានប្រាប់ថាទៅភូមិណាឡើយ។ ក្រោយពីហូបបបររួចកងចល័តប្រញាប់រៀបចំអីវ៉ាន់ដើម្បីចាកចេញទៅការដ្ឋានថ្មី។អង្គការបានបញ្ជាឲ្យទៅធ្វើការនៅការដ្ឋានថ្មីដែលស្ថិតនៅក្នុងភូមិកន្សោមអកដោយឲ្យធ្វើដំណើរទៅតាមភូមិត្រពាំងរុន រួចបត់ត្រឡប់មកភូមិកន្សោមអកវិញដែលជាធម្មតាគឺត្រូវចេញដំណើរពីភូមិទ័ពសៀមកាត់តាមក្បែរទួលម្រេញ(កន្លែងសម្លាប់មនុស្ស)និងមកភូមិកន្សោមអក។

នៅភូមិកន្សោមអក ក្រុមរបស់ខ្ញុំត្រូវស្នាក់នៅផ្ទះដែលមានចម្ងាយប្រមាណជិត ១ គីឡូម៉ែត្រពីទួលម្រេញ។ ពេលយប់ស្ងាត់ម្ដងម្កាលមានប្រជាជនឮនិងសម្លេងទួញយំពាក្យអង្វរក ល្វើយៗលាយឡំទៅដោយឧបករណ៍បំពងសំឡេងដែលចាក់ផ្សាយដើម្បីបន្លំសំឡេងស្រែកយំ។ កងចល័តនិងអ្នកភូមិតែងតែខ្សឹបខ្សៀវប្រាប់គ្នាអំពីរឿងនេះដោយសេចក្តីភ័យខ្លាច។

   ព្រឹកឡើង កងចល័តក្រុមរបស់ខ្ញុំត្រូវទទួលភារកិច្ចដកសំណាបទាំងអស់ហើយស្ទូងនៅពេលល្ងាចវិញ។ ពេញមួយថ្ងៃយើងឃើញតែក្រុមយុវជន យុវនារីបណ្តើរគ្នាជាក្រុមៗ ជាប់ហូរហែពីភូមិកំពង់ស្វាយ ភូមិក្រូចនិងភូមិបល័ង្គកាត់តាមភូមិកន្សោមអកឆ្ពោះទៅកាន់ទួលម្រេញ។ អ្នកខ្លះស្រែកច្រៀងចម្រៀងបដិវត្តន៍ដើម្បីបង្ហាញពីភាពពេញចិត្តចំពោះអង្គការ។

   នាពេលរសៀលថ្ងៃមួយ ឈ្មោះលាន ដែលជាប្រធានរោងបាយទី ៧របស់ខ្ញុំនៅភូមិក្រូច និងជាបងបង្កើតរបស់ឈ្មោះអ៊ានអ្នកគ្រប់គ្រងនៅការដ្ឋានចាស់របស់ខ្ញុំបានមកដល់ភូមិ កន្សោមអក។ ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងដោយនឹកគិតថា លាន ប្រាកដជាយកបញ្ជីឈ្មោះអ្នកដែលត្រូវសម្លាប់មកឲ្យសានដែលជាប្រធាន(គ)របស់ខ្ញុំដើម្បីដកហូតអ្នកទាំងអស់នោះចេញពីកងចល័ត។ ខ្ញុំខំប្រឹងញញឹមស្ងួតដាក់ លាន ដើម្បីសម្ដែងការគួរសម ប៉ុន្តែលានមិនញញឹមឆ្លើយតបដាក់ខ្ញុំវិញឡើយ។លុះពេលល្ងាចបន្តិចទើបខ្ញុំដឹងថា លាន បានមកយកក្មួយបង្កើតរបស់ប្រពន្ធខ្លួនពីផ្ទះម្ដាយក្មេករបស់លាននៅភូមិកន្សោមអកដើម្បីយកទៅសម្លាប់ជាមួយនឹងម្ដាយរបស់កុមារនោះ។ យប់នេះព្រះចន្ទពេញបូណ៌ ក្រុមកងចល័តរបស់ខ្ញុំត្រូវបាន សាន ចាត់ឲ្យទៅស្ទូងនៅពេលយប់បន្ថែមទៀត។នៅតាមផ្លូវធ្វើដំណើរខ្ញុំឃើញ ង៉ាន់ ដែលជាប្រធានភូមិក្រូច និង ធឿង ដែលជាប្រភេទមនុស្សពូកែទ្រឹស្ដីហើយចេះអែបអបបំផុតនោះជាមួយនឹងក្រុមខ្មែរក្រហមដោយមានស្ពាយកាំភ្លើងមួយដើមបណ្ដើរអតីតអ្នកគ្រូបង្រៀនម្នាក់ឈ្មោះ សាលី ដែលជាសាច់ញាតិរបស់ខ្ញុំព្រមទាំងមនុស្សមួយចំនួនទៀតឆ្ពោះទៅទួលម្រេញ។ ការដង្ហែប្រជាជនទៅទីពិឃាតមានជាប់ជាហូរហែតាំងតែពីព្រលឹមស្រាងៗរហូតដល់ម៉ោងប្រហែល ៩យប់ ។ (នៅមានត)


ចែករំលែក៖