ខេត្តកំពង់ស្ពឺ៖ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ជាប្រចាំតែងតែណែនាំឱ្យកម្លាំងជំនាញ ចុះស្រាវជ្រាវបង្រ្កាបមុខសញ្ញាពាក់ព័ន្ធបទល្មើសគ្រប់ប្រភេទ ពិសេសបញ្ហាគ្រឿងញៀនដែលក្រុមជនសង្ស័យធ្វើការជួញដូរចែកចាយនូវសារធាតុញៀន នៅក្នុងមូលដ្ឋាន យកមកដាក់ទោសតាមផ្លូវច្បាប់។
ជាក់ស្ដែងកម្លាំងនគរបាលស្រុកគងពិសី នៅថៃ្ងទី២០ ខែធ្នូ ឆ្នាំ២០២៤ បានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អ បានរាយការណ៍ថា នៅចំណុចផ្លូវលំភូមិអណ្តូងច្រុះ ឃុំស្នំក្រពេី ស្រុកគងពិសី មានមុខសញ្ញាចែកចាយគ្រឿងញៀនមិនលោះថៃ្ង ។
ភ្លាមនោះកម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី ដឹកនាំពីលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុក បានឱ្យផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ស្រុក ធ្វើការស្រាវជ្រាវរហូតឈានទៅកំណត់បាន និងឃាត់មុខសញ្ញាសង្ស័យម្នាក់ឈ្មោះ ម៉ម ម៉ៃ ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិអណ្តូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី សមត្ថកិច្ចដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ១១ កញ្ចប់តូច និងទូរស័ព្ទដៃ ០១គ្រឿង។
បច្ចុប្បន្នសមត្ថកិច្ចបានបន្ដនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំណាត់ការនីតិវិធីបន្ដ៕
ដោយ៖ តារា