ភ្នំពេញ: កម្លាំងអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យជួញដូរសារធាតុញៀនម្នាក់ជាក់ស្តែង ដកហូតបានសារធាតុញៀនចំនួន០៨កញ្ចប់ កំពុងឈរលក់នៅមុខផ្ទះសំណាក់ស្រែលាភ ស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយបន្តនាំខ្លួនជនសង្ស័យ
មកឆែកឆេរនៅផ្ទះរកឃើញថ្នាំញៀនចំនួន២៩កញ្ចប់និងរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀតតាមបណ្តោយផ្លូវរថភ្លើង ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលជាព្រំប្រទល់ជាប់គ្នានឹងខណ្ឌទួលគោក ។
ករណីបង្ក្រាបគ្រឿងញៀនខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១១និង០៥នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ដោយមានការចូលរួមសហការពីលោក ប៉ាន់ សុភាព នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។
ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ គង់ វណ្ណ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ រួមជាមួយគ្រឿងញៀន៨កញ្ចប់តូច។ និង ទី២ឈ្មោះ បូ វាសនា អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំបឹងកក់ តាមបណ្តោយផ្លូវរថភ្លើង ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ រកឃើញគ្រឿងញៀនចំនួន២កញ្ចប់តូចនៅលើផ្ទះ និងរកឃើញគ្រឿងញៀនចំនួន២៧កញ្ចប់តូចនៅខាងក្រោយផ្ទះជនសង្ស័យ ។
តាមប្រភពព័ត៍មានពីមន្ត្រីកងរាជអាវុធហត្ថខណ្ឌទួលគោក បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺកម្លាំង កងរាជអាវុធហត្ថខណ្ឌទួលគោកធ្វើការល្បាតនៅក្នុងមូលដ្ឋានរបស់ខ្លួនប្លុកបឹងកក់ជាកន្លែងស្មុកស្មាញ លុះជិះមកដល់កន្លែងកើតហេតុខាងលើក៏បានឃើញជនសង្ស័យម្នាក់នេះកំពុងតែធ្វើសកម្មភាពចែកចាយថ្នាំញៀននៅមុខផ្ទះសំណាក់ស្រែលាភ ទើបធ្វើការឃាត់ខ្លួន និងបន្តទៅឆែកឆេរក្នុងផ្ទះជនសង្ស័យបន្តទៀត រហូតរកឃើញថ្នាំញៀនចំនួន៨កញ្ចប់តូច រួមយកមកសាកសួរ ។រួចហើយក៏នាំជនសង្ស័យមកឆែកឆេរនៅផ្ទះស្នាក់បន្តទៀតបានរកឃើញថ្នាំញៀនចំនួន២៩កញ្ចប់តូចទៀតនិងឃាត់បុរសម្នាក់ទៀតផងដែរ ។
ក្នុងប្រតិបត្តិការឆែកឆេរនេះ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនមនុស្សចំនួន២នាក់ និងគ្រឿងញៀនប្រភេទក្រាមសថ្លាចំនួន៣៧ កញ្ចប់តូច ហើយដកហូតម៉ូតូចំនួន២គ្រឿង ម៉ាកហុងដា ឌ្រីមសង់សេរីឆ្នាំ២០១៤ សង់សេ១២៥ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1CM-7840 និង ម៉ាកហុងដា ឌ្រីមសង់សេរីឆ្នាំ២០១៦ សង់សេ១២៥ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1FZ-1037 ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាង ត្រូវបាននាំយកទៅឃុំខ្លួនបណ្តោះអាសន្ននៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ស ដារ៉ា