ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីជាអ្នកចំរៀងតន្ដ្រីសម័យផឹកថ្នាំសម្លាប់ខ្លួនក្រោយពីឈ្លោះប្រកែកជាមួយសង្សារដែលជាមន្រ្ដីយោធាឆត្រយោង

ចែករំលែក៖

ខេត្តកណ្ដាលៈ ស្រ្ដីម្នាក់មានមុខរបរជាអ្នកចំរៀងតន្ដ្រីសម័យ និងជាកម្មការិនីរោងចក្រកាត់ដេរផងនោះ បានសម្រេចចិត្ដលេបថ្នាំប៉ារ៉ា និងថ្នាំងងុយដេកជាច្រើនគ្រាប់ ប៉ុនប៉ងធ្វើអត្ដឃាតសម្លាប់ខ្លួន ក្រោយពីឈ្លោះប្រកែកគ្នាជាមួយសង្សារ ដែលជាមន្រ្ដីយោធាឆ័ត្រយោងម្នាក់ ។ ការប៉ុនប៉ងធ្វើអត្ដឃាតនេះពុំបានសម្រេចនោះឡើយ បន្ទាប់ពីស្រ្ដីជាអ្នកចំរៀងរូបនេះតេទូរស័ព្ទទៅកាន់ប៉ុស្ដិ៍វិទ្យុនៅក្នុងស្រុកដើម្បីផ្ដាំផ្ញើទៅកាន់បុរសជាសង្សារ រហូតបង្កឲ្យមានការភ្ញាក់ផ្អើល ដឹងដល់សមត្ថកិច្ចចុះទៅអន្ដរាគមន៍វាយទម្លុះទ្វារកញ្ចក់យកស្រ្ដីរូបនេះទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចបន្ទប់ជួលលេខ១ ស្ថិតក្នុងកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។

ប្រភពពីមន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ស្រ្ដីដែលប៉ុនប៉ងធ្វើអត្ដឃាតដោយលេបថ្នាំប៉ារ៉ានិងថ្នាំងងុយដេកនោះឈ្មោះ យុម សុខាន់ ហៅចាន់ អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាអ្នកចំរៀងតន្ដ្រីសម័យនិងជាកម្មការិនីរោងចក្រកាត់ដេរ បច្ចុប្បន្នស្នាក់នៅក្នុងបន្ទប់ផ្ទះជួលកើតហេតុខាងលើ ។ ស្រ្ដីរូបនេះបានលេបថ្នាំប៉ារ៉ានិងថ្នាំងងុយដេកអស់ជិត៤០គ្រាប់ ហើយបានតេទូរស័ព្ទចូលទៅកាន់ប៉ុស្ដិ៍វិទ្យុក្នុងស្រុក ដើម្បីផ្ដាំផ្ញើដល់បុរសជាសង្សា ។

ក្រោយមកពិធីករប៉ុស្ដិ៍វិទ្យុបានទំនាក់ទំនងទៅក្រុមហ៊ុនស្មាតស្វែងរកទីតាំងស្នាក់នៅរបស់ស្រ្ដីជាអ្នកចំរៀងរូបនេះនិងទំនាក់ទំនងទៅកាន់សមត្ថកិច្ចនគរបាលនៅស្រុកអង្គស្នួលឲ្យជួយអន្ដរាគមន៍ រហូតឈានដល់វាយទម្លុះទ្វារកញ្ចក់បន្ទប់ជួលនាំយកស្រ្ដីខាងលើនេះទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

ដើមចមដែលនាំឲ្យស្រ្ដីរូបនេះលេបថ្នាំប៉ុនប៉ងសម្លាប់ខ្លួនត្រូវបានអ្នកជិតខាងអះអាងថា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោងប្រមាណ១០យប់ ស្រ្ដីរូបនេះបាននាំប្រុសក្មេងម្នាក់ចូលទៅក្នុងបន្ទប់ជួល ។ មួយសន្ទុះក្រោយមកបុរសជាសង្សាដែលជាមន្រ្ដីយោធាឆ័ត្រយោងមកទាន់បើកទ្វារឃើញប្រុសក្មេងនៅក្នុងបន្ទប់ជួលរបស់ស្រ្ដីជាសង្សា ក៏កើតក្ដីខឹងសម្បាយ៉ាងខ្លាំងឈ្លោះប្រកែកគ្នាហើយទាត់ទ្វារបន្ទប់លេខ២បែកកញ្ចក់អស់មួយទើបចេញទៅបាត់ ។

ក្រោយពីឈ្លោះប្រកែកគ្នាបានមួយថ្ងៃ ទើបនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ស្រ្ដីខាងលើនេះព្យាយាមសម្លាប់ខ្លួនដោយលេបថ្នាំ អ្វីដែលធ្វើឲ្យស្រ្ដីរងគ្រោះមិនស្លាប់ដូចបំណងគឺមកពីនាងតេទូរស័ព្ទចូលទៅប៉ុស្ដិ៍វិទ្យុ បច្ចុប្បន្នស្រ្ដីរូបនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ ៕ស្អាងជ័យ


សូមអានបន្ត ៖ រថយន្ត២គ្រឿងសាកកម្លាំងគ្នារងការខូចខាតទាំងសងខាង នៅក្រុងបានលុង


ចែករំលែក៖