ព័ត៌មានទាន់ហេតុការណ៍៖

កម្មកររោងចក្រកាត់ដេរជុងហ្វៃតវ៉ាបិទផ្លូវរំខានពលរដ្ឋធ្វើដំណើរវាងមកឆ្លងកាត់ផ្លូវ៦០ម៉ែត្រ សន្តិសុខមិនឲ្យឆ្លងបិះផ្ទុះហិង្សា

ចែករំលែក៖

ភ្នំពេញ៖ ការធ្វើកូដកម្មតវ៉ារបស់សហជីពកម្មករត្រូវបានគេសង្កេតឃើញវាជាទម្លាប់អាក្រក់ មួយគួរតែចៀសវាងក្នុងការធ្វើឲ្យប៉ះពាល់ដល់សណ្តាប់សាធារណៈរបៀបរាបរយសង្គម ជាពិសេសវាក៏បានរំខានយ៉ាងធ្ងន់ផងដែរ ដល់ប្រជាពលរដ្ឋអ្នកដំណើរ មន្ត្រីរាជការ រំខានដល់សិស្សានុសិស្សធ្វើដំណើរទៅសាលារៀនមិនទាន់ពេល និងបានរំខានដល់អ្នកជំងឺជាយថាហេតុក្នុងរថយន្តសាមុយដែលធ្លាប់កើតមានកាលពីកន្លងទៅនោះ ដោយសារតែបងប្អូនសហជីពកម្មករតវ៉ាបិទផ្លូវនេះឯង ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញក្រុមអ្នកតវ៉ាជាកម្មកររោង ចក្រកាត់ដេរជុងហ្វៃ បាននាំគ្នាធ្វើកូដកម្មតវ៉ាបិទផ្លូវជាតិលេខ២ ស្ថិតត្រង់ចំណុចក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បណ្តាលឲ្យមានការកក់ស្ទះយ៉ាងខ្លាំងរំខានដល់ពលរដ្ឋធ្វើដំណើរឆ្លងកាត់ សិស្សនិស្សិត មន្ត្រីរាជការ មិនអាចទៅមុខបានក៏នាំគ្នាជិះវាងទាំងរថយន្ត ទាំងម៉ូតូឆ្ពោះទៅផ្លូវ៦០ម៉ែត្រ តែមិនត្រូវអនុញ្ញាតឲ្យឆ្លងកាត់ភ្លាមៗនោះទេ ដោយក្រុមសន្តិសុខបិទបារ៉ាស់ ហើយឈានដល់មានការជជែកគ្នាឡើងតឹងសសៃរករបិះ ប្រើហឹង្សាផងដែរ ។

ការបិទប៉ារ៉ាសមិនអនុញ្ញាតឲ្យឆ្លងកាត់ផ្លូវ៦០ម៉ែត្រនេះ ក្រុមសន្តិសុខបានប្រាប់ភ្នាក់ងារកាសែតនគរវត្តថា ពួកគាត់មិនអនុញ្ញាតឲ្យឆ្លងកាត់បាននោះទេ ដោយរងចាំទទួល បញ្ជាពីថ្នាក់លើសិន ។ ក្រុមសន្តិសុខបន្តថា ម្យ៉ាងផ្លូវ៦០ម៉ែត្រនេះកំពុងស្ថិតក្រោមការជុស ជុលអ៊ុតកៅស៊ូ បើយើងបើកឲ្យឆ្លងកាត់វានឹងខូចផ្លូវ ។

ដោយឡែកលោកវរសេនីយ៍ទោ តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យបានឲ្យដឹងដែរថា ក្រុមកម្មករបានធ្វើការតវ៉ាបិទផ្លូវជាតិលេខ២នេះព្រឹកមិញអស់រយៈពេល១៥នាទី ដោយមានការសម្របសម្រួលទើបបើកផ្លូវវិញ ។

គួររំលឹកផងដែរថា ក្រុមអ្នកតវ៉ាកម្មកររោងចក្រកាត់ដេរជុងហ្វៃបាននាំគ្នាធ្វើកូដកម្ម តាំងពីអំឡុងខែមិថុនា ឆ្នាំ២០១៦ម្លេះ។ ការតវ៉ាធ្វើកូដកម្មនោះគេឃើញមានអាជ្ញាធរខណ្ឌសហការក្រុមការងារដោះស្រាយវិវាទរបស់ក្រសួងការងារ និងតំណាងអយ្យការចុះមកដោះស្រាយឲ្យក្រុមកម្មករម្តងរួចហើយដែរ តែរហូតមកដល់ពេលនេះហាក់បីដូចជាគ្មានលទ្ធផលផ្លែផ្កាណាមួយដែលកម្មករទទួលយកនោះឡើយ ហេតុដូច្នេះហើយទើបការធ្វើកូដកម្មតវ៉ារបស់កម្មកររោងចក្រកាត់ដេរជុងហ្វៃកើតឡើងជារៀងរហូតមក ៕ តាឡឹម

IMG_8585

IMG_8584

IMG_8586


ចែករំលែក៖