ព័ត៌មានទាន់ហេតុការណ៍៖

ការនាំចេញទំនិញកម្ពុជាឆ្នាំ២០២៤ ទៅកាន់ទីផ្សារបរទេស កើនឡើង១៥,៧ភាគរយ

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បាននាំចេញទំនិញប្រមាណជាង ២៦,១៩ពាន់លានដុល្លារ ទៅកាន់ទីផ្សារបរទេសក្នុងឆ្នាំ២០២៤ កើនឡើង១៥,៧ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលសហរដ្ឋអាមេរិកជាទីផ្សារនាំមុនគេរបស់កម្ពុជា។

យោងតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២៤ កម្ពុជាបាននាំចេញទំនិញប្រមាណជាង ២៦,១៩ ពាន់លានដុល្លារ ទៅកាន់ទីផ្សារបរទេស ដោយក្នុងនោះការនាំចេញទៅកាន់សហរដ្ឋអាមេរិក វៀតណាម និងចិន មានទំហំធំ។

ប្រភពដដែលបានបន្ថែមថា ការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកសម្រេចបាន ៩,៩ពាន់លានដុល្លារ កើន ឡើង ១១,៤ភាគរយ វៀតណាមសម្រេចបាន ៣,៦ពាន់លានដុល្លារ កើនឡើង ២៦,៦ភាគរយ និងចិនសម្រេចបាន ១,៧ពាន់លានដុល្លារ កើនឡើង ១៨,៤ភាគរយ។

សម្រាប់ទំនិញដែលកម្ពុជានាំចេញរួមមាន សម្លៀក បំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើង ពីការចាក់ដោយម្ជុលពីរ, កៅស៊ូ និងផលិតធ្វើអំពីកៅស៊ូ និងកសិផលមួយចំនួនទៀត។

សម្រាប់ទំនិញនាំចូលរួមមានរ៉ែប្រើជាគ្រឿងចំហេះប្រេង ខនិជ និងផលិតផលពីការចម្រាញ់, ផលិតផលបានពីការចាក់ដោយម្ជុល, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែកភាគរបស់វា, សម្ភារអគ្គិសនី, សរសៃអំបោះសិប្បនិម្មិតខ្លីៗ, យានក្រៅពីអយស្ម័យយាន ឬអយរថអគ្គិសនី និងសម្ភារមួយចំនួនទៀត៕

ដោយ៖ សូរិយា


ចែករំលែក៖