ភ្នំពេញ៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាបានអញ្ជើញជាកិត្តិយសថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ របស់ក្រុមហ៊ុន ហ្គោលដិន ផត អេសអ៊ីហ្សិត ឌីវេទ្បុបម៉ិន ឯ.ក។ ពិធីនេះត្រូវបានរៀបចំឡើងនៅអគារ ISI ស្ថិតនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, លោកបណ្ឌិតសាស្ត្រាចារ្យ ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌, គណៈគ្រប់គ្រងក្រុមហ៊ុន, លោក លោកស្រី ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។
ជាកិច្ចចាប់ផ្តើម លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាបានសម្តែងនូវសេចក្តីសោមន្សរីករាយ និងអបអរសាទរចំពោះគណៈគ្រប់គ្រងក្រុមហ៊ុន ហ្គោលដិន ផត អេសអ៊ីហ្សិត ឌីវេទ្បុបម៉ិន ឯ.ក ក្នុងការរៀបចំពិធីសម្ពោធគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ លើផ្ទៃដីទំហំ២០៦ ហិកតា ដែលមានទីតាំងស្ថិតនៅខេត្តព្រះសីហនុ។ ទន្ទឹមនឹងនេះ លោកក៏បានវាយតម្លៃខ្ពស់ និងអរគុណចំពោះក្រុមហ៊ុនដែលបានបណ្តាក់ទុនវិនិយោគរហូតដល់ទៅប្រមាណជាង៥០លានដុល្លារអាម៉េរិក ដើម្បីធ្វើការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស សំដៅចូលរួមចំណែកទាក់ទាញការវិនិយោគមកកម្ពុជា ក៏ដូចចូលរួមបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា។
ថ្លែងក្នុងឱកាសនៃពិធីសម្ពោធនេះ លោកអគ្គលេខាធិការបានជម្រាបជូនពីសក្តានុពលរបស់ខេត្តព្រះសីហនុដែលខេត្តនេះជាទីតាំងយុទ្ធសាស្ត្រសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកអគ្គលេខាធិការបានលើកឡើងពីកម្មវិធីអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងអំឡុងដើមឆ្នាំ២០០៦ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយដែលរហូតមកទល់បច្ចុប្បន្ន កម្មវិធីនេះបានចូលរួមធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា, លើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងសកល, បង្កើនផលិតភាព, និងការពង្រីកទីផ្សារនាំចេញរបស់កម្ពុជា ព្រមទាំងបានចូលរួមប្រែក្លាយឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មដែលមានបច្ចេកវិទ្យានិងផ្អែកលើជំនាញ និងមានតម្លៃបន្ថែមខ្ពស់។ ជាមួយគ្នានេះ លោកក៏បានគូសរំលេចពីកំណើននៃការវិនិយោគដ៏គំហុគក្នុងឆ្នាំ២០២៤ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មទាំងក្នុងនិងក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤១៤គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ៦,៩ ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣២ម៉ឺនកន្លែង។
ក្នុងចំណោមគម្រោងទាំង ៤១៤នេះ គឺមានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសរហូតដល់ទៅ ១០គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៨៥០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៤ពាន់កន្លែង។ វិស័យឧស្សាហកម្មនៅតែជាវិស័យឈានមុខដែលបានស្រូបទាញការវិនិយោគច្រើន ដែលក្នុងឆ្នាំ២០២៤នេះ វិស័យឧស្សាហកម្មបានចូលរួមចំណែកដល់ទៅប្រមាណ ៦៩%នៃទុនវិនិយោគសរុប។ រំហូរវិនិយោគចូលមកកម្ពុជាក្នុងឆ្នាំ២០២៤ ដែលមានកំណើនដ៏ខ្លាំងក្លានេះគឺជាសក្ខីកម្មនៃការដឹកនាំដ៏ខ្ពង់ខ្ពស់លើគន្លងមាគ៌ាដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលពោរពេញដោយភាពបុរេសកម្ម ភាពបត់បែន និងមាននវានុវត្តន៍ខ្ពស់ ស្របទៅនឹងបម្រែបម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចតំបន់ និងសកល។
លោកអគ្គលេខាធិការរូបនេះ បានមានសុទិដ្ឋិនិយមខ្ពស់ថា រំហូរវិនិយោគចូលមកកម្ពុជានឹងបន្តកើនឡើងថែមទៀត ដោយផ្អែកលើនិន្នាការនៃការផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ក្រុមហ៊ុនវិនិយោគធំៗមកកាន់តំបន់អាស៊ាន និងការបន្តដាក់ចេញនូវគោលនយោបាយគាំទ្រនានារបស់រាជរដ្ឋាភិបាលក្នុងការធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពទាក់ទាញ ជាមួយនឹងកិច្ចខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសម្រាប់សម្រួលដល់ការដឹកជញ្ជូនសំដៅកាត់បន្ថយទាំងការចំណាយថវិកា និងពេលវេលា៕
ដោយ៖ តារា