ខេត្តបន្ទាយមានជ័យ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃអាទិត្យទី១២ ខែមករា ឆ្នាំ២០២៥នេះ មានកិត្តិយសសូមគោរពជម្រាបជូន សាធារណជនទាំងអស់មេត្តាជ្រាបថា៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងខេត្ត បន្ទាយមានជ័យ បានចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ៤៦ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ពាក់ព័ន្ធ ករណី ធ្វើឱ្យខូចខាតដោយចេតនាស្ថានទម្ងន់ទោស ដែលបង្កដោយក្រុមក្មេងទំនើងមួយក្រុម មានគ្នា ០៥នាក់ បានប្រើប្រាស់កំបិតកែច្នៃចំនួន ០២ដើម កាប់ទៅលើជនរងគ្រោះឈ្មោះ ឈួយ ប្រាក់សិទ្ធ ភេទប្រុស និងមិត្ត ភក្តិ តែជនរងគ្រោះ និងមិត្តភក្តិ បានរត់គេចខ្លួនផុត នៅសល់តែម៉ូតូទុកចោល បន្ទាប់មកក្រុមក្មេងទំនើងបាន កាប់ម៉ូតូរបស់ជនរងគ្រោះបណ្តាលឱ្យខូចខាតយ៉ាងខ្លាំង នៅចំណុចភូមិជ្រាប់ថ្មី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីធ្វើសកម្មភាពកាប់ម៉ូតូរបស់ជនរងគ្រោះ រួច ក្រុមក្មេងទំនើងបាននាំគ្នាគេចខ្លួនបាត់។
កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនក្រុមជន សង្ស័យជាបន្តបន្ទាប់ ចំនួន ០៤នាក់ មានឈ្មោះ ផា សម្ផស្ស ហៅវៀត ភេទប្រុស អាយុ១៧ឆ្នាំ ឈ្មោះ អ៊ុន ឆាត ភេទប្រុស អាយុ១៥ឆ្នាំ ឈ្មោះ អឿត ធីប ហៅថេប ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះ ឡាក់ ប៊ុនរ៉េន ហៅគ្រោង ហៅរ៉េត ភេទប្រុស អាយុ១៨ឆ្នាំ រួមទាំងបានដកហូតកាំបិតកែច្នៃចំនួន ០២ដើម ចំណែកក្រុមជន សង្ស័យដទៃទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវ និងចាប់ខ្លួនបន្ត។
បន្ទាប់ពីបានពិនិត្យភស្តុតាង សាកសួរលើជនសង្ស័យទាំង ០៤នាក់តាមនីតិវិធីច្បាប់រួចមក តំណាង អយ្យការសម្រេចចោទប្រកាន់ជនសង្ស័យចំនួន០៤នាក់ និងបក្ខពួក តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើប សួរលេខ ៦២ អយ.ង ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ពីបទ ធ្វើឱ្យខូចខាតដោយចេតនា ស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅភូមិជ្រាប់ថ្មី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥៕
ដោយ៖ តារា