ភ្នំពេញ៖ ក្រសួងបរិស្ថានដាក់ចេញនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើ ថង់ប្លាស្ទិកទេ» ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ មកដល់ពេលនេះ មានអ្នកចូលរួម ៩,៧០៦,២៦៨..អង្គ/នាក់ក្នុងមានសាលាចូលរួមសរុបចំនួន ១២ ១៩៩ សាលា អនុវត្តបាន ១០០%,លោកគ្រូ អ្នកគ្រូ ចូលរួម សរុប ចំនួន ១៥១ ១៨៧នាក់ អនុវត្តបាន ១០០%,សិស្សានុសិស្សចំនួន ៣ ៧៦២ ៨១៩ នាក់ អនុវត្តបាន ១០០%, ព្រះសង្ឃចំនួន ៣១ ៦៤៩អង្គ នៅតាមវត្តអារាមចំនួន ១ ៤៨៥កន្លែង, មន្រ្តីរាជការ ចំនួន ៨៥ ៣៧១ នាក់, កម្មករ កម្មការិនី និយោជិត និងប្រជាពលរដ្ឋ ចំនួន ៥,៦៧៥,៧៤៨នាក់។ សូមបញ្ជាក់ថាយុទ្ធនាការនេះ បានចាប់ផ្តើមពីសាលារៀន ដែលជាថ្នាលបណ្តុះកោសិកាសង្គម និងបានចូលរួម កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្នុង ១ថ្ងៃ ប្រមាណជាង ៣០លានថង់។
បន្ថែមពីនេះ ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការទី២ បន្ថែមទៀតគឺយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ រហូតមកដល់ពេលនេះ មានអ្នកចូលរួមក្នុងយុទ្ធនាការ ចំនួន៥,០៦០,៣៦៩អង្គ/នាក់ ក្នុងនោះមានសាលារៀនចូលរួមចំនួន ៥,៩៥១សាលា ស្មើនឹង៤៧,០៥%, លោកគ្រូអ្នកគ្រូ ចំនួន ៨៥ ១៤៩នាក់ ស្មើ៥៣,៨៤%, សិស្សានុសិស្សចូលរួមចំនួន ៣ ៣៧៥ ៥១០ នាក់ អនុវត្តបាន៨៩,៣០%, ព្រះសង្ឃបាននិមន្តចូលរួមចំនួន ៣១ ២៤៦អង្គ នៅតាមវត្តអារាមចំនួន ១ ៥២៣ វត្ត , លើសពីនេះ មានមន្រ្តីរាជការ ចំនួន ៥៦ ៧០៧នាក់ និងប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិតសរុប ចំនួន ១ ៥១១ ៧៥២នាក់។ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» បាននាំឱ្យសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រះសង្ឃ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ រួមជាមួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋានភូមិ ឃុំ នៅតាមស្រុក ក្រុង ស្រុក ខណ្ឌ នានាទូទាំងប្រទេស ចេញមកព្រមគ្នារើសសំរាមជុំវិញបរិវេណផ្ទះ សាលារៀន វត្តអារាម តាមទីសាធារណៈ និងនៅតាមដងផ្លូវក្នុងមូលដ្ឋាន រៀងរាល់១ថ្ងៃក្នុង ១សប្តាហ៍ យ៉ាងតិច ដោយធ្វើការប្រមូល និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា យុទ្ធនាការទាំងពីររបស់ក្រសួងបរិស្ថានខាងលើ បានទទួលការគាំទ្រពីសាធារណជនសរុបជាង១៤លាននាក់ ក្នុងការប្តេជ្ញាចិត្ត និងចូលរួមសកម្មភាពកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក រើសសំរាម ប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក យ៉ាងផុសផុល ដែលជាជោគជ័យ លើស ពីការរំពឹងទុក ព្រោះថាប្រទេសកម្ពុជាអាចកាត់បន្ថយថង់ប្លាស្ទិកបានយ៉ាងច្រើនសន្ធឹកសន្ធាប់ និងការទុកដាក់សំរាម តាមរយៈការចូលរួមសាមគ្គីគញនាពីសំណាក់ប្រជាពលរដ្ឋ រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ កម្មករ កម្មការនី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។
អ្នកនាំពាក្យក្រសួអបរិស្ថានរូបនេះ បានបន្ថែមថា បច្ចុប្បន្ននេះ នៅមានសាលារៀន វត្តអារាមនានា នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថានរដ្ឋនិងឯកជន នៅតាមមូលដ្ឋាន បានកំពុងចូលរួមនៅក្នុងយុទ្ធនាការនេះជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ។
ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានប្រកាសបើកយុទ្ធនាការសំអាតផ្លូវជាតិ ក្រោមប្រធានបទ « ផ្លូវជាតិគ្មានសំរាមប្លាស្ទិក » ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីមានការចលនាចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ សំអាតតាមដងផ្លូវ នាពេលកន្លងមក។ យុទ្ធនាការ បានរៀបចំឡោះងក្នុងគោលបំណងធ្វើឱ្យផ្លូវជាតិស្អាត គ្មាសំរាម សំណល់ប្លាស្ទិករាយប៉ាយ នៅតាមដងផ្លូវ។ យុទ្ធនាការសំអាតផ្លូវជាតិ « ផ្លូវជាតិគ្មានសំរាមប្លាស្ទិក » នឹងចូលរួមចំណែក លើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជននៅតាមបណ្តាផ្លូវជាតិទូទាំងប្រទេស កាន់តែស្រស់ស្អាត មានអនាម័យ ខ្យល់អាកាសស្អាត និងសណ្តាប់ធ្នាប់ល្អ ប្រកបដោយភាពទាក់ទាញ ការស់នៅប្រកបដោយផាសុខភាព និងការទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរណ៍មកប្រទេសកម្ពុជាកាន់តែច្រើនឡើង»។
លោក ខ្វៃ អាទិត្យា បានថ្លែងថា ការដាក់ចេញយុទ្ធនការជាជំហានៗរបស់ក្រសួអបរិស្ថាន ដែលឆ្លើយតបនឹងសរសរស្តម្ភ«ភាពស្អាត» នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងគោលបំណង ដើម្បីឱ្យកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នា មានភាពស្អាត មិនមានសំរាម និងសំណល់ប្លាស្ទិក រាយប៉ាយ ក្នុងគោលដៅការប្រែក្លាយសកម្មភាព ឬ សកម្មភាពរបស់យុទ្ធនាការ ទៅជាចលនាស្វ័យអនុវត្ត ប្រយុទ្ធទប់ស្កាត់សំរាម នៅលើដងផ្លូវ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងការបំពុលដោយសំរាម និងសំណល់ប្លាស្ទិកទៅលើសុខភាព និងលើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជន ព្រមទាំងក្នុងមូលដ្ឋាន ជុំវិញផ្ទះ កន្លែងធ្វើការនិងគ្រឹះស្ថានសាធារណៈនិងឯកជន ជាពិសេសនៅតាមដងផ្លូវនានា ដែលនឹងបន្តក្លាយទៅជាវប្បធម៌ និងទម្លាប់ល្អ របស់ប្រជាជនកម្ពុជាក្នុងការរក្សាភាពស្អាត៕
ដោយ៖ តារា