ភ្នំពេញ៖ នាយកដ្ឋាននគរបាលបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី១៣ ខែមករា ឆ្នាំ២០២៥នេះថា ការប្រើប្រាស់បណ្តាញសង្គមនៅក្នុងយុគសម័យឌីជីថលអាចជួយសម្រួលដល់ការទំនាក់ទំនង ការផ្តល់សេវាកម្ម ឬការផ្ញើឯកសារផ្សេងៗ ដែលជាផ្នែក មួយនៃឌីជីថលភាវូបនីយកម្ម។ ប៉ុន្តែ ទន្ទឹមនឹងអត្ថប្រយោជន៍នៃការប្រើប្រាស់បណ្តាញសង្គម ក៏បង្កឱ្យមានហានិភ័យ និងបទល្មើសបច្ចេកវិទ្យានានាផងដែរ ក្នុងនោះ មានការយករូបភាពដែលមានអត្តសញ្ញាណបុគ្គលរបស់អ្នកប្រើប្រាស់ទៅប្រព្រឹត្តបទល្មើសផ្សេងៗ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់។
គួរបញ្ជាក់ថា ហានិភ័យដែលអាចកើតឡើង នៅពេលដែលអ្នកចែករំលែក (Share/Sent) ព័ត៍មាន ឬអត្តសញ្ញាណផ្ទាល់ខ្លួននៅលើបណ្តាញសង្គម រួមមាន៖
១. ការលួចយកអត្តសញ្ញាណ៖
ការបង្ហាញរូបភាពអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន, អាសយដ្ឋានអ៊ីម៉ែលផ្ទាល់ខ្លួន, លេខទូរស័ព្ទ អាចឱ្យជនឧក្រិដ្ឋ ឬ Hacker ងាយស្រួលក្នុង ការស្វែងទិន្នន័យអ្នកបានយ៉ាងរហ័សនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឬអិនធើណិតជាដើម ហើយជនខិលខូចអាចលួចយកគណនីបណ្តាញសង្គម របស់អ្នក ដើម្បីក្លែងបន្លំជាអត្តសញ្ញាណអ្នក និងប្រព្រឹត្តបទល្មើស
២. ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត៖
• ជនខិលខូចអាចប្រើរូបថត និងវីដេអូ ឬព័ត៍មានផ្ទាល់ខ្លួនរបស់អ្នក គំរាមកំហែងជំរិតទារប្រាក់យ៉ាងច្រើនពីអ្នក ដែលជាថ្នូរនឹងការលុបព័ត៍មាន ឬរូបភាព វីដេអូទាំងនោះ
• ជនខិលខូចអាចប្រើប្រាស់គណនីរបស់អ្នកទៅបង្ហោះខ្លឹមសារមិនសមរម្យ ឬរូបភាព វីដេអូអាសអាភាស ដែលអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និង វិជ្ជាជីវៈរបស់អ្នកជាដើម ។
៣. កម្ចីអនឡាញខុសច្បាប់៖
ក្រុមជនខិលខូចយករូបភាពអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ភ្ជាប់នឹងរូបថតរបស់លោកអ្នកធ្វើការកម្ចីអនឡាញខុសច្បាប់។
ហេតុដូចនេះ ដើម្បីទប់ស្កាត់ហានិភ័យខាងលើ អគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមចែករំលែកនូវវិធីសាស្ត្រមួយចំនួន ដូចជា៖
កំណត់ព័ត៍មាន ឬអត្តសញ្ញាណបុគ្គលឱ្យបានច្បាស់មុនពេលផ្ញើរូបភាព ឬឯកសារដែលមានទិន្នន័យផ្ទាល់ខ្លួន, ជៀសវាងផ្សព្វផ្សាយរូបភាពដែលមាន អត្តសញ្ញាណ របស់អ្នកលើបណ្តាញសង្គមគ្រប់ប្រភេទ, ផ្លាស់ប្តូរ ឬកំណត់លេខសម្ងាត់របស់គណនីសង្គមដែលពិបាកទស្សន៍ទាយ, និងបើកមុខងារសុវត្ថិភាព two-factor authentication, ហើយជាពិសេស ត្រូវរាយការណ៍ទៅអាជ្ញាធរ ឬមន្ត្រីជំនាញជាបន្ទាន់ក្នុងករណីអ្នកជួបនូវហានិភ័យដែលបានរៀបរាប់ ខាងលើ៕
ដោយ៖ តារា