ភ្នំពេញ: លោកតាម្នាក់ធាក់កង់ឆ្លងផ្លូវត្រូវរថយន្តតាក់សីុ បើកវ៉ាគ្នាជ្រុលបុកពីក្រោយពេញទំហឹង រួចកិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែង ក្រោយកើតហេតុអ្នកបើកបរបានព្យាយាមបើករថយន្តគេចខ្លួនបានប្រហែល៥០ម៉ែត្រ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៦ ខាងមុខស្ថាននីប្រេងតេលា ស្ថិតនៅក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ គុជ លន់ អាយុ៧២ឆ្នាំ ស្នាក់នៅភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។ ចំំណែកអ្នកបើករថយន្តបង្កមានឈ្មោះឆន រ៉ាវុធ អាយុ១៨ឆ្នាំ រស់នៅភូមិដីក្រហម ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បើករថយន្តម៉ាកសាំុងយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2L-9454 ដឹកអ្នកដំណើរពីភ្នំពេញ-កំពង់ចាម និងរតនគីរី ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុលោកតាដែលជាជនរងគ្រោះបានធាក់កង់ចេញពីផ្ទះ ទៅផ្ទះលោកមេភូមិ ដើម្បីសុំដីមាត់ព្រែកសង់ខ្ទមរស់នៅ ដោយសារតែគាត់មានជីវភាពក្រីក្រពេញ ដោយចិញ្ចឹមកូនប្រុសស្រី៦ នៅក្នុងបន្ទុក ។ ខណ:ជួបមេភូមិរួច លោកតាបានធាក់កង់តាមផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូងក្នុងគោលបំណងត្រឡប់មកផ្ទះវិញ ពេលមកដល់ចំណុចកើតហេតុលោកតាបានធាក់កង់ឆ្លងផ្លូវ ភ្លាមនោះក៏មានរថយន្តសាុំងយ៉ុងដឹកអ្នកដំណើរ ដែលធ្វើដំណើរស្របទិសគ្នា បានបើកវ៉ារថយន្តមួយគ្នាទៀត រួចជ្រុលទៅបុកជនរងគ្រោះពីក្រោយបោកក្បាលនឹងកញ្ចក់រថយន្តផ្លោងបោកនឹងថ្នល់រួចត្រូវរថយន្តបើកកិនពីលើក្បាលធ្លាយខួរស្លាប់នៅនឹងកន្លែង ។ ក្រោយកើតហេតុអ្នកបើកបរបានព្យាយាមបើករថយន្តគេចខ្លួនបានប្រហែល៥០ម៉ែត្រក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។
បច្ចុប្បន្នអ្នកបើករថយន្តបង្ក និងរថយន្តត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានប្រគល់ឲ្យសមត្ថកិច្ចនគរបាលចរាចរវាស់វែងយកទៅការិយាល័យចរាចរផ្លូវគោករងចាំដោះស្រាយតាមនីតិវិធី ៕ ជ្រោយពេជ្រ