ប៉ោយប៉ែតៈ ទីតាំងភ្នាល់បាល់តាមប្រពន្ធ័អនឡាញពីរកន្លែង ដែលបើកលេង បង្កអសន្តិសុខដល់ភូមិ ឃុំមានសុវត្ថិភាព ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប តែមិនទាន់បានស្គាល់ឈ្មោះម្ចាស់ទាំងពីរទីតាំងច្បាស់ ។
ហេតុការណ៍បង្ក្រាបទីតាំងអនឡាញពីរកន្លែងនេះ បានធ្វើឡើងកាលពីម៉ោង៥និង៣៧នាទីល្ងាច ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពពីសមត្ថកិច្ចប្រាប់ថា ការចុះបង្ក្រាបទីតាំងខាងលើនេះគឺកម្លាំងនគរបាលនៃស្នងការរដ្ឋានខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត រឹបអូសបានកុំព្យួទរ័ ទីតាំងទីមួយ បានចំនួន៥ឈុត និងទីតាំងទីពីរបានចំនួន៧ឈុត ចាប់ខ្លួនមនុស្ស ប្រុស ស្រី៦នាក់ ស្រីចំនួន៤នាក់ ។
ប្រភពបញ្ជាក់ថា ក្រោយពីការបង្ក្រាបទីតាំងល្បែងភ្នាល់បាល់តាមប្រពន្ធ័អនឡាញទាំងពីរទីតាំងខាងលើនេះ មិនត្រូវបានយកមករក្សាទុកនៅកន្លែងអធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែតឡើយ ដោយបានដឹកជញ្ជូនទាំងមនុស្សប្រុស ស្រី និងគ្រឿងដែលបម្រើឲ្យល្បែងភ្នាល់ខាងលើទៅស្នងការដ្ឋានខេត្តបន្ទាយមានជ័យតែម្ដង ។
ពាក់ពន្ធ័បញ្ហាខាងលើនេះ លោក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែតកាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ លោកថា មិនទាន់បានទទួលរបាយការណាជាក់លាក់អំពីឈ្មោះម្ចាស់ទីតាំងទាំងពីរខាងលើឡើយ ។
ចំណែកលោក សិទ្ធ ឡោះ ស្នងការរងខេត្តបន្ទាយមានជ័យ ពេលអ្នកសារព័ត៌មានសាកសួរជុំវិញករណីបង្ក្រាបទីតាំងខាងលើនេះ លោកថា នរណាគេទូរសព្ទ័មិនមើល ពេលអ្នកសារព័ត៌មានមិនទាន់សួរអស់សំណួរផង រួចបានបិទទូរសព្ទ័តែម្ដង ។
អ្នកស្រុកបានលើកឡើងថា ចំពោះល្បែងស៊ីសងនៅក្រុងប៉ោយប៉ែតហាក់ដូចជាមានការកើនឡើង ដែលគួរឲ្យប្រជាពលរដ្ឋព្រួយបារម្ម អំពីសុវត្ថិភាពក្នុងមូលដ្ឋានរបស់គាត់ ហើយការបង្ក្រាបល្បែងស៊ីសងរបស់សមត្ថកិច្ចពួកគាត់មានការត្រេកអ តែមាននៅទីតាំងជាច្រើនកន្លែងទៀត នៅមិនទាន់បង្ក្រាប ហាក់បីដូចជានៅមានកម្រិត បើល្បែងស៊ីសងឆ្នោតវិញ គីកំពុងតែមានច្រើននៅតាមទីផ្សារ ឬតាមគេហដ្ឋានដែលគួរឲ្យព្រួយបារម្មនៅអំពើចោរកម្មគ្រប់ប្រភេទកើតចេញពីការចាញ់ល្បែង ៕ វណ្ណា