ខេត្តឧត្ដរមានជ័យ៖ មកដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ផ្ទៃមេឃហាក់មាន ពណ៌ស្រអាប់ ប៉ុន្តែមិនបានបង្អុរចុះមកនៅតំណក់ទឹកភ្លៀងច្រើនដូចថ្ងៃកន្លងទៅនោះ ទេ ហើយជំនន់ទឹកភ្លៀងដែលបានហូរចាក់ពីជួរភ្នំដងរែកធ្វើឲ្យលំនៅឋានដីស្រែចម្ការ និងផលដំណាំកសិកម្មរបស់ប្រជាពលរដ្ឋទទួលរងផលប៉ះពាល់នោះនៅគ្រានេះបាន វិលត្រឡប់មករកសភាពដើមវិញហើយ។ ពេលនេះអាជ្ញាធរខេត្តឧត្តរមានជ័យបាន ត្រៀមលក្ខណៈរួចជាស្រេចក្នុងការចុះជួយប្រជាពលរដ្ឋប្រសិនបើភ្លៀងបន្តធ្លាក់ជាថ្មី ហើយបានបង្កជាគ្រោះមហន្តរាយយាយី ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុង ខេត្តភាគឧត្តរមួយនេះ ។
យោងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងកាល ពីថ្ងៃ១ ខែកញ្ញា ឆ្នាំ២០១៦ថា ទឹកភ្លៀងនឹង បន្តធ្លាក់១សប្តាហ៍ទៀតនៅតាមតំបន់មាត់សមុទ្រនិងនៅតាមតំបន់ខ្ពង់រាបក្នុងព្រះ រាជាណាចក្រកម្ពុជា ។
អភិបាលខេត្តឧត្តរមានជ័យលោក ស ថាវី បានមានប្រសាសន៍ឲ្យដឹងកាលពី សៀលថ្ងៃ១ ខែកញ្ញាថា រហូតមកទល់នឹងថ្ងៃ ទី១ ខែកញ្ញាទឹកភ្លៀងដែលបានហូរចាក់ពីជួរភ្នំដងរែកមកស្រោចស្រពស្ទើរពេញ ព្រៀបទៅលើផ្ទៃទឹកបឹងតាម៉ុកនិងនៅភូមិអូរតាម៉េង ក្នុងស្រុកអន្លង់វែងប៉ុន្មានថ្ងៃកន្លង មកនោះឥឡូវនេះទឹកបានស្រកចុះវិលមករកសភាពធម្មតាវិញហើយ។ ចំណែកប្រជា ពលរដ្ឋចំនួន១៥គ្រួសារដែលអាជ្ញាធរបានជម្លៀសចេញពីជំនន់ទឹកភ្លៀងនោះនៅថ្ងៃនេះក៏បានវិលត្រឡប់ទៅកាន់លំនៅឋាន វិញហើយដែរ ។
លោកអភិបាលខេត្តមានប្រសាសន៍ បន្តថា នៅក្នុងអំឡុងពេលទឹកជន់នោះទឹកក៏មិនបានបំផ្លិចបំផ្លាញ ផលដំណាំកសិកម្ម សត្វពាហនៈ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តឡើយ។ ប្រសិនបើភ្លៀងនៅតែ បន្តធ្លាក់បង្កការជន់ លិចលំនៅឋាន ដីស្រែចម្ការ ផលដំណាំ កសិកម្មសាជាថ្មីអាជ្ញាធរខេត្តនឹងចាត់វិធានការបន្ទាន់មួយដោយប្រើប្រាស់កម្លាំង និងមធ្យោបាយសរុប ដើម្បីចុះជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់នោះឲ្យបានទាន់ពេលវេលា។ លោក ស ថាវី បានបញ្ជាក់ថា អាជ្ញា ធរមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះពីជំនន់ទឹកភ្លៀងនោះជាដាច់ខាត ។
សូមបញ្ជាក់ថា នៅរយៈពេលជិត៤ថ្ងៃបន្តបន្ទាប់គ្នាកន្លងមកនេះនៅខេត្តឧត្តរ មានជ័យមានភ្លៀងធ្លាក់ជោកជាំហើយ បានហូរជន់លិចលំនៅឋាន ផ្ទៃដីស្រែចម្ការ បំផ្លាញដំណាំកសិកម្មអស់រាប់សិបហិកតា ព្រមទាំងបានពន្លិចផ្លូវ និងស្ពានដែលជា ទ្រព្យសម្បត្តិរបស់រដ្ឋនោះថែមទៀត។ ប៉ុន្តែ ជំនន់ទឹកភ្លៀងនេះអាជ្ញាធរដែនដីបាន បញ្ជាក់ថា មិនបានបង្កឲ្យមានគ្រោះថ្នាក់ ដល់ជីវិតមនុស្ស ឬសត្វពាហនៈនោះទេ ហើយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ អាជ្ញាធរខេត្តចបានាត់វិធានការជម្លៀសទៅកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា។
គួររំលឹកថា នៅស្រុកអន្លងវែងចាប់ពី ថ្ងៃទី២៨ ខែសីហា រហូតមកទល់នឹងថ្ងៃ៣១ ខែសីហា ឆ្នាំ២០១៦ ភ្លៀងនៅតែបន្តធ្លាក់ ឥតឈប់ឈរធ្វើឲ្យលំនៅឋាន ដីស្រែចម្ការ របស់ប្រជាពលរដ្ឋនិងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានផ្លូវ និងស្ពានមួយចំនួនបានជន់ លិចមានផ្ទៃទឹកបឹងតាម៉ុក និងភូមិ២ទៀត គឺភូមិរំចេក និងភូមិរំចេកខាងលិច ធ្វើឲ្យផ្ទះ ចំនួន១១១ខ្នង និងប្រជាជន១៣២គ្រួសារ ទាំង២ភូមិសរុប៣៥០គ្រួសារ ក្នុងនោះមាន ២៥គ្រួសារដែលរងការលិចលង់ខ្លាំងជាងគេលិចផលដំណាំចំនួន៩៦ហិកតា ក្នុងនោះ ដំណាំដំឡូងមីចំនួន៥១ហិកតា ដំណាំស្រូវ ៣៥ហិកតា និងដំណាំសណ្តែកដីមានចំនួន ១០ហិកតា លិចស្ពានដែកបាឡេមួយកន្លែង មានប្រវែង២០ម៉ែត្រ និងផ្លូវក្រាលក្រួស ក្រហម១ខ្សែមានប្រវែង៧៥០ម៉ែត្រនោះថែមទៀត ។
កម្ពស់ទឹកភ្លៀងក្នុងអាងទំនប់តាម៉ុក កាលពីព្រឹកថ្ងៃ៣១ ខែសីហា ឆ្នាំ២០១៦ ទឹកបានហក់ឡើងដល់កម្រិតកម្ពស់ប្រុងប្រយ័ត្នគឺ២,៩០ម៉ែត្រ ៕ ប៉ែន នួន