ព័ត៌មានទាន់ហេតុការណ៍៖

លោកប៉ា សុជាតិវង្ស៖ បើកការដ្ឋានស្ថាបនាកំណាត់ផ្លូវជាតិលេខ៥ប្រវែង ១១គីឡូ  ពី គល់ស្ពានជ្រោចង្វារដល់ស្ពានលីយ៉ុងផាត់

ចែករំលែក៖

ភ្នំពេញ៖  ក្នុងជំហានទី១នេះ កំណាត់ ផ្លូវជាតិលេខ៥ ចាប់ពីមុខ រោងចក្រ SKD ដល់ PK2+000 ឃ្លាំងសាំងប្រវែង២គីឡូម៉ែត្រត្រូវបានរដ្ឋបាលរាជធានីភ្នំពេញបើកការដ្ឋានស្ថាបនាជាផ្លូវការហើយ ដើម្បីសម្រួលដល់ចរាចររបស់ប្រជាពលរដ្ឋ ។ នេះជាការចាប់ផ្តើមតំណាក់ការទី១ ក្នុងចម្ងាយផ្លូវប្រវែងជាង១១គីឡូម៉ែត្រ ។ ការរដ្ឋាននេះ ចាប់ផ្ដើមពីថ្ងៃទី ០៣ កញ្ញា ឆ្នាំ ២០១៦ ។

លោកប៉ា សុជាតិវង្ស  មានប្រសាសន៍ថា យើងបានកសាងផ្លូវច្រើនណាស់ ដោយសារផ្លូវជាសសៃឈាមសេដ្ឋកិច្ចជាតិ ។ ជាក់ស្តែងសម្រាប់ផ្លូវជាតិលេខ៥នេះ គឺជាផ្លូវដែលសំខាន់មួយក្នុងចំណោមផ្លូវជាតិជាច្រើនទៀត ជាផ្លូវដែលដឹកអង្ករចេញយ៉ាងធំផងដែរ ។

លោកបន្តថា ទន្ទឹមនិងការកសាងផ្លូវអោយស្អាតនេះវាបានបង្កអោយមានគ្រោះថ្នាក់ចរាចររាល់ថ្ងៃផងដែរ ។ លោកថា មកដល់ពេលនេះ គ្រោះថ្នាក់ដោយគ្រាប់មីន ជម្ងឺអេដសិ៍មិនមែនជាបញ្ហាខ្លាំងក្លានោះទេ តែអ្វីដែលមានការព្រួយបារម្ភនោះ គឺគ្រោះថ្នាក់ចរាចរនេះតែម្តង ដោយក្នុងមួយថ្ងៃគ្រោះថ្នាក់ចរាចរនេះបានសម្លាប់មនុស្សពី៤នាក់ទៅ៦នាក់ ។ ដោយមូលហេតុនេះហើយទើបរាជរដ្ឋាភិបាលបង្កើតអោយមានច្បាប់ចរាចរថ្មីឡើង ដើម្បីធ្វើយ៉ាងណាកាត់បន្ថគ្រោះថ្នាក់ចរាចរនេះអោយមានកម្រិតទាប ។

លោកបន្តថា  ក្រោយឆ្នាំ១៩៧៩ ប្រទេសជាតិយើងចេញពីចំណុចសូន្យ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារប្រទេសជាតិមានសុខសន្តិភាព នោះបានធ្វើអោយប្រទេសយើងមានការរីកចំនួនយ៉ាងឆាប់រហ័ស យើងមានអ្វីគ្រប់បែបយ៉ាងមក ដល់ពេលនេះ គឺផ្តើមចេញការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ ។

លោកសាំ ពិសិដ្ឋ នាយកប្រធាន មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានលើកឡើងថា ការដ្ឋានស្ថាបនាកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីមុខរោងចក្រ SKD ដល់ PK2+000 ឃ្លាំងសាំងនេះមានទំហំ២២ម៉ែត្រ ដោយក្នុងនោះ ធ្វើការចាក់បេតុងសរសៃដែក ទំហំ ២,៥ម៉ែត្រ សងខាងកំរាស់ ២០សង់ទីម៉ែត្រ និងចាក់អ៊ុតកៅស៊ូ AC ៥សង់ទីម៉ែត្រ លើតួផ្លូវចាស់ ទំហំ១៤,៥ម៉ែត្រ និងសាច់ផ្លូវថ្មីកំរាស់១០សង់ទីម៉ែត្រ  ស្ថាបនាសួនកណ្តាលទំហំ២,៥ម៉ែត្រ តម្លើងបង្គោលភ្លើងព្រែកជា២ ព្រមទាំងដាក់លូទំហំ១,៥ម៉ែត្រ ប្រវែង២.០០០ម៉ែត្រ និងដាក់លូកាត់ទទឹងផ្លូវ០,៦ម៉ែត្រ ចំនួនទីតាំង ស្ថិតក្នុងខណ្ឌឬស្សីកែង ។

លោកបន្តថា កំណាត់ផ្លូវជាតិលេខ៥ នេះ ធ្លាប់ធ្វើការពង្រីកច្រើនលើកច្រើនសារមកហើយ ដើម្បីបំពេញទៅតាមតម្រូវការរបស់កំណើនយានយន្ត ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ រាជធានីភ្នំពេញបានរីកទំហំទៅទិសខាងជើង ដែលពោរពេញទៅដោយលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើឲ្យយានយន្តមានកំណើនយ៉ាងខ្លាំងនោះ ធ្វើឲ្យច្រកតភ្ជាប់រាជធានីភ្នំពេញដ៏សំខាន់មួយ ពុំអាចធានានូវលំហូចរាចរចេញចូលបានតទៅទៀត ដែលទាមទារធ្វើការពង្រីកឲ្យបានល្អ ។

ការស្ថាបនាពង្រីកកំណាត់ផ្លូវនេះ គឺជាយុទ្ធសាស្រ្តដ៏សំខាន់ក្នុងដោះស្រាយការកកស្ទះចរាចរ ចំពោះផ្លូវតភ្ជាប់ចូលរាជធានីភ្នំពេញ ដែលជាច្រកផ្លូវយុទ្ធសាស្រ្តដ៏សំខាន់តែមួយគត់ ក្នុងការតភ្ជាប់រាជធានីភ្នំពេញ ទៅបណ្តាខេត្តមួយចំនួន ព្រមទាំងជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរ ឲ្យកាន់តែល្អប្រសើរថែមទៀត ស្រមតាមកំណើនប្រជាពលរដ្ឋ និងកំណើនយានយន្តពេលបច្ចុប្បន្ននេះ និងដើម្បីចូលរួមចំណែកអនុវត្តន៍ឲ្យបានជោគជ័យនូវយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕ សំរឹត

 

image6 image5 image4 image3 image2 image1 image7
សូមអានបន្ត ៖ នគរបាលខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនពីរផ្សេងគ្នា


ចែករំលែក៖