ខេត្តកំពង់ចាម ៖ កាលពីវេលាម៉ោង១៧ និង១០នាទីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថស្រុកចំការលើបាន ឃាត់ខ្លួនបុរសជាជនប្រមឹកម្នាក់ជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនាទៅលើម្តាយបង្កើតខ្លួនឯង ស្ថិតនៅចំណុច ភូមិស្រែព្រាល ឃុំស្វាយទាប ស្រុកចំការ លើ ខេត្តកំពង់ចាម ។ បន្ទាប់ពីឃាត់ខ្លួនជន សង្ស័យរួចមកកម្លាំងកងរាជអាវុធហត្ថ ស្រុកចំការលើបានបញ្ជូនជនសង្ស័យទៅមូលដ្ឋានដើម្បីសាកសួរ។
មន្ត្រីកងរាជអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះឈ្មោះ តាត ធាវី អាយុ២៨ឆ្នាំ រស់នៅភូមិស្រែ ព្រាល ឃុំស្វាយទាប ស្រុកចំការលើ ខេត្ត កំពង់ចាម ។ ចំណែកស្ត្រីរងគ្រោះដែលត្រូវ ជាម្តាយឈ្មោះ ហង្ស ណារ៉ា អាយុ៤០ឆ្នាំ រស់នៅភូមិស្រែព្រាល ឃុំស្វាយទាប ស្រុក ចំការលើ ខេត្តកំពង់ចាម ។
នៅមុខមន្ត្រីកងរាជអាវុធហត្ថជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនគេពិតជាបាន វាយម្តាយនឹងដំបងគល់ឫស្សីប្រាកដមែន ពីព្រោះខឹងសុំលុយម្តាយទិញស្រាមិនបាន ថែមទាំងស្តីបន្ទោសឲ្យទៀតខឹងខ្លាំងពេកទាញដំបងដេញទៅ តែគាត់រត់មិនទាន់ ទើបជ្រុលដៃវាយត្រូវតែម្ដង ។
ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកចំការលើបញ្ជូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕ ហេង នរិន្ទ្រ