ខេត្តបាត់ដំបង៖ នគរបាលខេត្តបាត់ដំបងកំពុងតាមប្រមាញ់រកចាប់ខ្លួនជនសង្ស័យជាឃាតកម្នាក់ ដែលបានធ្វើសកម្មភាពយកកាំបិតចុងស្រួច ចាក់សម្លាប់ពួកម៉ាកឯង ក្នុងហាងផឹកស៊ី មួយកន្លែងក្នុងក្រុងបាត់ដំបងបណ្តាលឲ្យស្លាប់ ។
លោកវរសេនីយ៍ត្រី ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបង ប្រាប់ឱ្យដឹងនៅរសៀល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ នេះថា ជនសង្ស័យជាឃាតកនគរបាលកំណត់បានមុខសញ្ញារួចហើយ ដោយកំពុងស្រាវជ្រាវកន្លែងលាក់ខ្លួនរបស់ជនសង្ស័យ ដើម្បីចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។
លោកអធការប្រាប់ឱ្យដឹងទៀតថា មូលហេតុឈានដល់ការចាក់សម្លាប់គ្នា សមត្ថកិច្ចមិនទាន់ដឹងច្បាស់ពួកគេជម្លោះក្នុងរឿងអ្វីនោះទេ។ពីព្រោះនៅពេលកំពុងផឹកស៊ីជាមួយគ្នារវាងជនសង្ស័យនិងជនរងគ្រោះគេឃើញមិនមានឈ្លោះប្រកែកគ្នាអ្វីនោះឡើយ ។ លុះពួកគេដើរចេញដល់មុខហាងក៏ស្រាប់វាយប្រតប់ចាក់គ្នាបណ្តាលជនរងគ្រោះស្លាប់តែម្តង ជនសង្ស័យបន្ទាប់មកជិះម៉ូតូគេចខ្លួនបាត់។
សូមរំលឹកថា កាលពីវេលាម៉ោង០០និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចហាងផឹកស៊ីមួយកន្លែងយីហោហែរប៊ីដ្រាហ្គន ក្នុងក្រុងបាត់ដំបង មានកើតឡើងនូវអំពើឃាតកម្មមួយ ជនរងគ្រោះម្នាក់ជាអនិកជនខ្មែរអាមេរិចកាំង មកជួលផ្ទះស្នាក់នៅក្នុងក្រុងបាត់ដំបង ជិត៤ឆ្នាំ មកហើយប្រកបមុខរបរសាក់រូប មានឈ្មោះ សេក សាវឿន ភេទប្រុសអាយុ៣៤ឆ្នាំ ត្រូវបានជនសង្ស័យជាឃាតករពួកម៉ាកនិងគ្នាចាក់៤កាំបិតចុងស្រួច បណ្តាលឱ្យស្លាប់ មិនដឹងមូលហេតុ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ជនបរទេសផឹកស៊ីក្នុងហាង នោះ រួមនិងពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ ក្រោយពីពួកគេផឹកស៊ីជុំគ្នា ក្នុងហាងរួចហើយដើរខាងមុខហាងក៏ឈ្លោះប្រតាយតប់គ្នាឈានដល់ការប្រើប្រាស់កាំបិតចាក់គ្នាសម្លាប់បែបនេះ ៕ សំ វិច្ឆិកា