ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រុមអាជីវករបើក រថយន្តធំៗជាច្រើននាក់ ដែលមានរថយន្ត ធំបានជួបជុំគ្នាតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យសុំឲ្យមានការបញ្ចុះតម្លៃពន្ធដារ ។
លោក ឡុង និង លោក សាន សាម៉ៃ ម្ចាស់ រថយន្តដឹកដីតំណាងអាជីវករទាំងអស់បាននិយាយថា ការជួបជុំនេះធ្វើឡើងបន្ទាប់ពី អត្រាពន្ធដារឡើងខ្ពស់ខុសប្រក្រតីរហូតបីដងនៃឆ្នាំកន្លងទៅ ។ លោកបញ្ជាក់ថាកាលពីឆ្នាំកន្លងទៅសម្រាប់ពួកលោកគឺរថយន្ត កង់១០ឡើងទៅបង់ត្រឹមតែ៧៥ម៉ឺនរៀល ប៉ុណ្ណោះ ។ តែសម្រាប់ឆ្នាំនេះពន្ធដារខេត្ត បានតម្រូវឲ្យបង់រហូតដល់ទៅដល់២២៨០.០០០(ពីរលានពីរសែនប្រាំម៉ឺនរៀល)។ ការឡើងថ្លៃខ្ពស់ហួសការស្មាននេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាព និង ការរស់នៅប្រចាំថ្ងៃ ។
លោក សាន សាម៉ៃ បានត្អូញត្អែរថា ពួក គាត់ទាំងអស់គ្នាទិញបានរថយន្តទាំង អស់នេះបានសុទ្ធតែយកលុយពីធនាគារហើយបើទំនិញក៏គ្មានដឹកហើយពន្ធក៏ឡើងថ្លៃខ្ពស់ គឺពិតជាធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរពិសេសប្រឈមនឹងការរឹបអូសពីធនាគារឯកជន។ ក្រុមអាជីវករបានសំណូមពរឲ្យអាជ្ញាធរ ខេត្តដែលមានលោក សួន បវរ ជាប្រធាន គណៈបញ្ជាការឯកភាពជួយអន្តរាគមន៍ រក្សាតម្លៃពន្ធឲ្យនៅដដែលកុំឡើងថ្លៃ ។
ជាមួយនឹងការស្នើសុំគេនៅមិនទាន់ឃើញមានតំណាងភាគីអាជ្ញាធរខេត្តចេញ មុខមកធ្វើការដោះស្រាយឬទទួលយកពាក្យស្នើសុំនេះនៅឡើយទេ ៕ ហេង នរិន្ទ្រ