ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានធ្វើសកម្មភាពចុះត្រួតពិនិត្យ និងចាប់ខ្លួនជនជាតិវៀតណាម៨នាក់ទាំងព្រឹកព្រលឹម ដោយសង្ស័យរស់នោះ និងធ្វើការខុសច្បាប់នៅក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជា ។
ការចុះបង្ក្រាបនេះ មានកម្លាំងចម្រុះដូចជាកម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដោយបានបន្តយុទ្ធនាការចុះត្រួតពិនិត្យ និងធ្វើការឃាត់ខ្លួនជនជាតិវៀតណាម៨នាក់ ពីបទរស់នៅ និងធ្វើការខុសច្បាប់ កាលពីវេលាម៉ោង៦ព្រឹកព្រលឹមថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ។
ប្រភពពីសមត្ថកិច្ចបញ្ជាក់ថា ការចុះត្រួតពិនិត្យខាងលើនេះ បានធ្វើឡើងនៅផ្ទះលេខ២០ និងផ្ទះលេខ២៦ ផ្លូវលេខ៤០ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ប្រភពបញ្ជាក់ថា ជនជាតិវៀតណាមទាំង៨នាក់នេះ មានស្រីម្នាក់ មានកាន់លិខិតឆ្លងដែន ទិដ្ឋាការE ចំនួន៣នាក់ តែគ្មានសៀវភៅការងារ ត្រូវបានដកយកលិខិតឆ្លងដែនមកធ្វើការផកពិន័យ តាមច្បាប់ការងារ។
ដោយឡែកមនុស្សចំនួន៥នាក់ គ្មានលិខិតឆ្លងដែន មានតែអត្តសញ្ញាណប័ណ្ណវៀតណាម ត្រូបាននាំខ្លួនយកមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធីផងដែរ ៕ ថាច់ យ៉ាត