ភ្នំពេញ៖ ប្រុស ស្រី២នាក់បានរងរបួសយ៉ាងធ្ងន់ ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យដើម្បីព្យាបាល
ភ្លាមៗ ខណៈដែលជនរងគ្រោះបានបើករថយន្ត
Corolla ក៏ស្រាប់តែត្រូវរថយន្ត BMW បើកបុកនៅត្រង់ចំណុចផ្លូវកែងយ៉ាងពេញទំហឹង ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ បានកើតឡើងនៅវេលាម៉ោង០០និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ៣៦០ កែងផ្លូវ៥១ ក្នុងសង្កាត់បឹងកេងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមសាក្សីពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គឺគេបានឃើញរថយន្តស៊េរីទំនើបម៉ាក BMW ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Y-0089 ដែលបើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៣៦០ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ដែលកែងនឹងផ្លូវលេខ៥១ ហើយមិនព្រមបន្ថយល្បឿន ក៏ជ្រុលចង្កូតទៅបុករថយន្តម៉ាក Corolla ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2P .8368 ដែលបើកបរដោយបុរសម្នាក់រួមជាមួយនារីម្នាក់ទៀត និងធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥១ ទិសដៅពីជើងទៅត្បួងក្នុងល្បឿនល្មម ហើយក៏ត្រូវរថយន្តBMWនោះ បានបុករថយន្ត
Corollaចំពីមុខយ៉ាងពេញទំហឹង ដែលធ្វើឲ្យបុរសម្នាក់រួមជាមួយនារីម្នាក់ទៀត ដែលជិះនៅក្នុងរថយន្ត Corollaនោះ បានហោះផ្លោងបុកកញ្ចក់ចេញពីរថយន្តបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ទាំងពីនាក់តែម្ដង ហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកបង្គោលភ្លើងបាក់អស់មួយដើមថែមទៀត ទើបរថយន្តបង្កនោះបានបែកកង់មុខទៅមុខលេងរួច ។
សាក្សីដដែលបានបន្តប្រាប់ឲ្យដឹងទៀតថា ក្រោយពីម្ចាស់រថយន្ត BMW ដែលបានបើកបុករថយន្តCorollaឲ្យរងរបួសហើយនោះ ក៏បានព្យាយាមរត់គេចខ្លួន ហើយពេលនោះប្រជាពលរដ្ឋបាននាំគ្នាទៅឃាត់ តែពេលដែលកំពុងដេញចាប់ ស្រាប់តែបុរសជាម្ចាស់រថយន្ត BMW រូបនោះបានដកកាំភ្លើងខ្លីហើយ ភ្ចង់គំរាមរកបាញ់ពួកគាត់ថែមទៀត ដោយឃើញ ដូច្នេះប្រជាពលរដ្ឋដែលរត់ដេញក៏នាំគ្នាដកថយមកវិញ ព្រោះខ្លាចបុរសជាម្ចាស់រថយន្ត BMW បាញ់សម្លាប់ បន្ទាប់មកម្ចាស់រថយន្ត BMW រូបនោះក៏មានឱកាសរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះប្រុស ស្រី២នាក់ខាងលើ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ជួនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ រីឯរថយន្តទាំង២គ្រឿងដែលរងការខូចខាតនោះ ត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែង និងស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរង់ចាំភាគីទាំងសងខាងចូលខ្លូនមកដោះស្រាយទៅតាមនីតិច្បាប់ ៕ ជីម ភារ៉ា ដង្កោ