ភ្នំពេញ ៖ យុវជនម្នាក់សង្ស័យបែកថ្នាំ បានផ្លោះរបងលោតចូលទៅខាងក្រោយ ផ្ទះប្រជាពលរដ្ឋ ហើយអង្គុយយំទាំងយប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកញ្ញា នៅតាមបណ្តោយផ្លូវបេ តុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ។
យុវជនរូបនេះមានឈ្មោះសឿង សុភាព ភេទប្រុស អាយុ២០ឆ្នាំ មុខកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល សង្កាត់ឃ្មួញ ខណ្ឌសែន សុខ មានស្រុកកំណើតនៅស្រុកសន្ទុក ខេត្តកំពង់ធំ ។ ចំណែកម្ចាស់ផ្ទះមាន ឈ្មោះកែន សារី ភេទស្រី អាយុ៦៣ឆ្នាំ មុខ របរលក់ដូរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១៨ ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅស្រុកដងទង់ ខេត្តកំពត។
ប្រភពព័ត៌មានបានឲ្យដឹងថាជនសង្ស័យមិនដឹងថា មកពីណាទេបានផ្លោះរបងលោតចូលខាងក្រោយផ្ទះខាងលើរួចអង្គុយយំតែម្នាក់ឯង។ ពេលម្ចាស់ផ្ទះបើកទ្វារចេញមក ឃើញអង្គុយយំទើបសង្ស័យថាយុវជននេះ បែកថ្នាំតែអ្វីដែលគួរឲ្យហួសចិត្តនោះគ្រាន់តែឃើញម្ចាស់ផ្ទះភ្លាមយុវជននេះសំពះ អង្វរថាកុំវាយរូបគេអីចាំគេឲ្យលុយហើយជនសង្ស័យមិនបានលួចរបស់របរអ្វីឡើយ ។
តាមសម្តីរបស់យុវជននេះបានឲ្យដឹង ថា នៅមុនពេលកើតហេតុរូបគេមកពី ដើរលេងហើយបានចូលដេកផ្ទះសំណាក់ មួយនៅជិតកន្លែងកើតហេតុនោះក៏ត្រូវគេដេញវាយធ្វើឲ្យរូបគេភ័យពេកបានផ្លោះ ចូលខាងក្រោយផ្ទះនេះរួចអង្គុយស្រែកយំព្រោះតូចចិត្តពេក។ក្រោយមកឮដល់ម្ចាស់ផ្ទះបើកទ្វារចេញមករូបគេក៏បានលើកដៃសំពះអង្វរថាកុំវ៉ៃខ្ញុំអីចាំឲ្យលុយ។
ក្រោយពេលកើតហេតុម្ចាស់ផ្ទះបាន ប្រគល់យុវជនរូបនេះឲ្យសមត្ថកិច្ចយកទៅសួរនាំនិងអប់រំរួចហើយបានថតរូបភាពទុកនិងដោះលែងឲ្យត្រឡប់ទៅផ្ទះវិញដោយម្ចាស់ផ្ទះមិនបានដាក់ពាក្យបណ្តឹងឬយកទោសអូសដំណើរ៕ ហេង នរិន្ទ្រ