ខេត្តពោធិ៍សាត់ ៖ បុរសជិះកង់ឆ្លងផ្លូវម្នាក់ ត្រូវបានរថយន្តធុនធំ១គ្រឿងបុកពេញទំហឹង រួចកិនអូសខ្ទេចខ្លួនប្រាណបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង០៥នាទីព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៨-១៧៩ ក្បែរង្វង់មូលផ្តិលខាត់ថ្មកែវ ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មាននានាជុំវិញកន្លែងកើតហេតុបានលើកឡើងស្រឌៀងៗគ្នាថា មុនដំបូង គេឃើញរថយន្តដឹកទំនិញធុនធំ១គ្រឿង ម៉ាក FUSO ពណ៍ក្រហម លាយស ពាក់ស្លាកលេខ ព្រះសីហនុ 3A 2426 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ជួបឧបសគ្គគ្រោះថ្នាក់ចរាចរណ៍បុកអ្នកជិះកង់ពេញទំហឹង រួចកិនអូសបណ្ដាលឲ្យបែកខ្ទេចខ្លួនប្រាណសាកសពយ៉ាងរន្ធត់ ចំណែកកង់ជនរងគ្រោះបានជាប់ជាមួយកង់រថយន្តទៅមុខជាង១០០ម៉ែត្រ ទើបអ្នកបើកបរជាន់ហ្វាងរថយន្តឈប់រួចបើកទ្វារចុះរត់គេចខ្លួនបាត់ស្រម៉ោល ខណៈដែលជនរងគ្រោះជិះកង់ឆ្លងផ្លូវក្នុងទិសដៅពីត្បូងទៅជើង។
ប្រភពព័ត៌មានពីសមត្ថកិច្ចប្រាប់ថា ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុក រួចកិនខ្ទេចខ្លួនប្រាណខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះ ហោ ហន ភេទប្រុស អាយុ ៤៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រែកស្តី សង្កាត់លលកស ក្រុង-ខេត្តពោធិ៍សាត់។
ប្រភពដដែលបន្តទៀតថា សាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិយកទៅចាត់ចែងតាមប្រពៃណី ចំណែកវត្ថុតាងកង់ជនរងគ្រោះនិងរថយន្តធន់ធំដឹកទំនិញ ត្រូវបានសមត្តកិច្ចបើកយកទៅរក្សាទុកនៅការិយាល័យនគរបាលជំនាញ នៃស្នងការនគរបាល ដើម្បីរង់ចាំដោះស្រាយគ្នាជាក្រោយតាមនីតិវិធី៕ ប៉ឹម ពិន