ខេត្តស្វាយរៀង៖ កម្មករធ្វើសំណង់ មន្ទីរពេទ្យខេត្តស្វាយរៀងជាង១០០នាក់បានផ្ទុះកូដកម្មទាមទារបើកប្រាក់ខែ ខណៈ ដែលក្រុមហ៊ុនទទួលម៉ៅការយឺតយ៉ាវបើកប្រាក់ខែឲ្យកម្មករចំនួន៤ផ្នែកដោយមាន អ្នកខ្លះបានបើករួចហើយ។ រីឯអ្នកខ្លះទៀតពុំទាន់បានបើកប្រាក់ខែទេរហូតមកដល់ថ្ងៃនេះមានរយៈពេល៤០ថ្ងៃហើយ។ កូដកម្មនេះបានផ្ទុះឡើងកាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦។
តាមសម្តីរបស់ក្រុមកម្មករសំណង់ទាំងនោះបានឱ្យដឹងថា កន្លងមកការបើកប្រាក់ខែសម្រាប់កម្មករទាំងអស់គឺគ្មានបញ្ហាទេ ប៉ុន្តែរយៈពេល២ខែនេះមិនដឹងជាមូលហេតុ អ្វី ស្រាប់តែយឺតយ៉ាវ ហើយការបើកប្រាក់ខែគឺមានផ្នែកខ្លះបានបើកហើយផ្នែកខ្លះ មិនទាន់បានបើក ។
ប្រភពខាងលើបានបន្តឱ្យដឹងទៀតថាប្រាក់ខែក្នុងមួយថ្ងៃម្នាក់ៗចាប់ពី២៨.០០០ រៀលទៅ៣២.០០០រៀលហើយប្រាក់ទាំងនោះត្រូវយកទៅសងធនាគារផងនិងផ្គត់ ផ្គង់ជីវភាពគ្រួសារផងបើបើកលុយយឺតដូចច្នេះច្បាស់ជាខាងធនាគារពិន័យពួកគាត់ជាពុំខានឡើយ។ ពួកគាត់ទាមទារនៅពេល នេះគឺមានតែ២លក្ខខណ្ឌតែប៉ុណ្ណោះ ទី១-ទាមទារសុំបើកលុយឱ្យបានទៀងទាត់, ទី ២-សុំកុំឱ្យបាត់លុយថែមម៉ោង ។
តាមសម្តីស្ត្រីមា្នក់តំណាងឱ្យក្រុមហ៊ុន S.O.M (corporation.ltd) ដែលជាក្រុមហ៊ុន ម៉ៅការសាងសង់មន្ទីរពេទ្យខេត្តស្វាយរៀង បាននិយាយថា ចំពោះប្រាក់ខែកម្មករដែល ពុំទាន់បើកនាពេលនេះក្រុមហ៊ុនសុំលើកពេលបើកទៅថ្ងៃចន្ទវិញបើអ្នកខ្វះលុយចាំបាច់សុំកត់ឈ្មាះមកខាងក្រុមហ៊ុននឹងបើកជូន ហើយបើអ្នកចង់ឈប់វិញអាចបើកប្រាក់ ខែនេះបាន។ ចំណែកលុយនៅសល់ លុះត្រាតែខែក្រោយទើបអាចបើកប្រាក់បានក្រុមហ៊ុនពុំបានបពា្ឈប់បងប្អូនកម្មករនោះទេ ។
ដោយឡែកនៅព្រឹកនោះដែរគេសង្កេតឃើញវត្តមានមន្ត្រីមន្ទីរការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀងបានសម្របសម្រួលអំពីវិវាទដើម្បីរកដំណោះស្រាយរឿងបើកប្រាក់ខែរបស់កម្មករសំណង់ប៉ុន្តែនៅពុំទាន់ដឹងអំពីលទ្ធផលទៅជាយ៉ាងណានោះឡើយ ។
សូមបញ្ជាក់ថា មន្ទីរពេទ្យខេត្តស្វាយ រៀងដែលកំពុងសាងសង់នាពេលនេះជា អំណោយរបស់រាជរដ្ឋាភិបាលប្រទេសជប៉ុនតាមរយៈអង្គការ Jica មានកម្ពស់៣ជាន់ ចំណាយថវិកាសាងសង់ និងបំពាក់ឧបករណ៍ គ្រឿងបរិក្ខារពេទ្យអស់ជាច្រើនលានដុល្លារ ហើយនឹងរួចរាល់នាដំណាច់ខែមេសា ឆ្នាំ ២០១៧ខាងមុខនេះ៕ យឹម សុថាន