ខេត្តស្ទឹងត្រែង៖ រថយន្តម៉ាកហាយឡិនឌឺមួយគ្រឿង ដឹកឈើប្រណិតបើកលោតឆត្រចេញពីខេត្តស្ទឹងត្រែង ត្រូវបានកម្លាំងប៉ូលិសអធិការស្រុកសេសាន ធ្វើការតាមប្រមាញ់ដេញចាប់បង្ក្រាបបាន កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិច្រប ឃំុក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកហាយឡិនឌឺដឹកឈើប្រណិតខុសច្បាប់ខាងលើនេះ រថយន្តម៉ាកហាយឡិនឌឺពណ៌ទឹកប្រាក់ អត់ស្លាកលេខ (ប៉ុន្តែមានផ្លាកបង់ពន្ធរថយន្តមានស្លាកលេខ ភ្នំពេញ 2V 8238) បានបើកដឹកឈើប្រណិតលោតឆត្រចេញពីស្ទឹងត្រែង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវបានកម្លាំងប៉ូលិសអធិការស្រុកសេសានបានបើករថយន្តដេញប្រមាញ់តាមពីក្រោយរថយន្តដឹកបទល្មើសឈើប្រណិតខុសច្បាប់នោះឲ្យឈប់តែមិនឈប់ ទើបឈានដល់ការផ្ទុះអាវុធចំនួន៣គ្រាប់បាញ់ចំកង់មុខខាងស្តាំបែកទៅមុខមិនរួច ទើបធ្វើការបង្ក្រាបបាន ឯចំណែកម្ចាស់រថយន្តដឹកឈើប្រណិតនោះបានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ បន្ទាប់មកខាងសមត្ថកិច្ចប៉ូលិសក៏បានរករថយន្តស្ទូចមកស្ទូចយករថយន្តនិងឈើនាំមកកាន់ស្នងការរដ្ឋាននគរបាលខេត្តស្ទឹងត្រែង។
ប្រភពដដែលបានបន្តទៀតថា លុះដល់ព្រឹកឡើង ថ្ងៃទី១១ ខែឆ្នាំដដែលក៏បានអញ្ជើញលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែងដើម្បីធ្វើការត្រួតពិនិត្យរថយន្តនិងឈើ រួចរាល់ហើយ បន្ទាប់មកទើបធ្វើការប្រគល់ឈើប្រណិតទៅឲ្យខាងជំនាញរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងចាត់ការបន្ត ។
លោក តែ រី នាយរងផ្នែករដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង បានប្រាប់ឲ្យដឹងថា ខាងសមត្ថកិច្ចប៉ូលិសស្នងការខេត្តបានប្រគល់ឈើប្រណិតមកឲ្យចំនួន២៤ដំុស្មើចំនួន១,៤៥៥ម៉ែត្រគូប ។
លោកបានបញ្ជាក់ថា ឈើប្រណិតខាងលើនោះជាឈើប្រភេទក្រញូងនិងឈើនាងនួន ឯចំណែករថយន្តវិញគឺយកទៅរក្សាទុកនៅស្នងការដ្ឋាននគបាលខេត្តដើម្បីធ្វើការតាមដាននឹងស្រាវជ្រាវរកមុខម្ចាស់ឈើយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ វុទ្ធឦសាន