ភ្នំពេញ ៖ មនុស្ស១៦នាក់ និងទូហ្គេមបាញ់ត្រីចំនួន៧ទូ ត្រូវបានកំលាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខបង្ក្រាប និងឃាត់ខណៈពួកគេកំពង់ប្រមូលផ្តុំគ្នាលេងល្បែងហ្គេមបាញ់ត្រីដុះស្លែមួយនេះ។កាលពីវេលាម៉ោង ២១ និង៣០នាទីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១៦ នៅចំណុចភូមិបូរីកម្មករ ( ភូមិត្រពាំងឈូក) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រតិបត្តិការនេះ ដោយមានបញ្ជាផ្ទាល់ពីលោក ម៉ក់ ហុង អធិការខណ្ឌសែនសុខ និងដឹកនាំកំលាំងផ្ទាល់ ដោយលោក សា រឹមវុទ្ធី អធិការរងខណ្ឌសែនសុខបានអោយលោកនាយប៉ុស្ដិ៍នគរបាលទឹកថ្លាសហការជាមួយកម្លាំងចំរុះរបសស្នងការរាជធានីដែលចុះជួយខណ្ឌសែនសុខជាច្រើនទៀត។
ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ចែ សុង បានចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី មួយកន្លែងដែលធ្វើការដកហូតបានទូហ្គេមបាញ់ត្រីចំនួន០១ទូរ និងទូហ្គេមបៀចំនួន៦ទូ ឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀននិងលេងល្បែងហ្គេមខាងលើបាន១៦នាក់ ក្នុងនោះអ្នកលេងល្បែងហ្គេមបាញ់ត្រីខាងលើ៤នាក់រួមនិងដកហូតបានម៉ូតូចំនួន8គ្រឿងផងដែរ។
ចំពោះប្រតិបត្តិការណ៍ខាងលើនេះផងដែរ ពលរដ្ឋសាទរនឹងចំណាត់ការរបស់អាជ្ញាធរខណ្ឌសែនសុខ ដែលតែងតែយកចិត្តទុកដាក់លើការបង្ក្រាបនិងបោសសំអាតល្បែងស៊ីសងទាំងនេះជាពិសេស ល្បែងហ្គេមបាញ់ត្រី និង ហ្គេមអនឡាញជាដើម។
តែទោះជាយ៉ាងនេះ ប្រជាពលរដ្ឋសំណោមពរដល់អាជ្ញាធរខណ្ឌ មេត្តាបន្តបង្ក្រាបឲ្យអស់នូវល្បែងស៊ីសង ដែលនៅ ជាច្រើនកន្លែងទៀតដែលជា ឬសគុលនៃ អំពើចោរមក្ម ឆក់ ប្លន់ និងបទល្មើសនានា អំពើហិង្សាក្នុងគ្រូសារ សិស្សគេចសាលា ការ ចរាចរណ៍គ្រឿងញៀនបណ្តាលអោយសង្គមធ្លាក់ចុះ បាត់បង់ភាពរីកចំរើន និងការអភិវឌ្ឍ។
បច្ចុប្បន្នមនុស្សទាំង១៦នាក់ ត្រូវបានបញ្ជូនយកទៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីស្រាវជ្រាវរកសារធាតុញៀន និងចាត់ការទៅតាមនីតិវិធី ចំណែកទូហ្គេមចំនួន៧ទូយកទៅរក្សាទុកនៅសាលាខណ្ឌសែនសុខរងចាំធ្វើការវាយកំទិចចោលនៅពេលក្រោយ ៕ តុង សីហា