ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋចោទប្រធានច្រករបៀងដើមត្នោតជាអ្នកធ្វើឲ្យតម្លៃស្រូវរបស់ពួកគាត់ធ្លាក់ថ្លៃ

ចែករំលែក៖

ខេត្តតាកែវ៖ ពលរដ្ឋក្នុងខេត្តតាកែវក៏ដូចជានៅទូទាំងប្រទេសបាននាំគ្នាចោទប្រធាន ច្រករបៀងដើមត្នោតដែលមានទីតាំងនៅក្នុងឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវជាអ្នកធ្វើ ឲ្យស្រូវរបស់ពួកគាត់ធ្លាក់ថ្លៃទាប។

តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា លោក សៅ សម្បត្តិ មន្ត្រីនគរបាលនៃស្នង ការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធាន ច្រករបៀងដើមត្នោតបានដាក់កម្លាំងជាច្រើននាក់ចាំស្ទាក់ទារលុយពីពលរដ្ឋដែលដឹកស្រូវយកទៅលក់ឲ្យក្រុមឈ្មួញវៀតណាមតាមច្រកមួយនេះយ៉ាងចាស់ដៃ ។

សេចក្ដីរាយការណ៍បានបន្ដទៀតថា រថយន្ដដឹកស្រូវរបស់ប្រជាពលរដ្ឋក្នុង១គ្រឿង ត្រូវចូលទៅបង់លុយឲ្យលោក សៅ សម្បត្តិ ចាប់ពី២០ម៉ឺនរៀលឡើងទៅ បើមិនព្រម បង់លុយឲ្យទេលោក សៅ សម្បត្តិ មិនអនុញ្ញាតឲ្យដឹកស្រូវយកទៅលក់នោះទេ ។

ក្រុមឈ្មួញជនជាតិវៀតណាមបានឲ្យដឹងដែរថា ពួកគេដែលចូលមកទិញស្រូវ ពលរដ្ឋខ្មែរក៏ត្រូវបង់លុយឲ្យលោក សៅ សម្បត្តិដែរ និយាយឲ្យចំគឺទាំងក្រុមឈ្មួញទិញស្រូវទាំងម្ចាស់ស្រូវសុទ្ធតែបង់លុយឲ្យលោក សៅ សម្បត្តិទាំងអស់។ ដូច្នេះតើ ក្រុមឈ្មួញរបស់ពួកគាត់គួរតែហ៊ានទិញស្រូវរបស់ប្រជាពលរដ្ឋខ្មែរក្នុងតម្លៃខ្ពស់ បានទេ?

ជុំវិញករណីខាងលើលោក សៅ សម្បត្តិ ប្រធានច្រករបៀងដើមត្នោតបានទទួលស្គាល់ថា លោកពិតជាបានយកលុយពីក្រុមឈ្មួញទិញស្រូវនិងពីពលរដ្ឋខ្មែរជាអ្នកដឹកស្រូវយកទៅលក់ប្រាកដមែន តែលោក ប្រមូលលុយទាំងនេះមិនមែនយកតែម្នាក់ឯងនោះទេគឺប្រមូលយកទៅឲ្យគ្រប់ស្ថាប័ន ជាពិសេសអង្គភាពរបស់លោក ។

ចំណែកលោក ស៊ុត ខុន អភិបាលស្រុក គិរីវង់បានឲ្យដឹងដែរថា លោកទើបតែមកកាន់តំណែងជាអភិបាលស្រុកថ្មីៗនោះទេ។ ដូច្នេះលោកមិនទាន់បានដឹងថា លោក សៅ សម្បត្តិ មានសិទ្ធិមកពីណាទេដែលហ៊ានទារលុយពីប្រជាពលរដ្ឋខ្មែរយកស្រូវទៅនោះ ។

លោកបន្ដថា លោកនឹងបើកការស៊ើប អង្កេតករណីនេះដើម្បីកុំឲ្យស្រូវពលរដ្ឋខ្មែរមានតម្លៃថោកដោយសារតែក្រុមនេះ។

តាមប្រភពច្បាស់ការណ៍បានឲ្យដឹងថា ច្រករបៀងខាងលើលោក សៅ សម្បត្តិ បាន ទិញក្នុងតម្លៃខ្ពស់បំផុតក្នុង១ឆ្នាំៗដើម្បីបានសិទ្ធិដាក់ប៉ុស្តិ៍ទារលុយពីពលរដ្ឋខ្មែរនិង ក្រុមឈ្មួញវៀតណាម ៕ ជីសូរកា

ses-1


ចែករំលែក៖